១០ ​ថ្ងៃ​មុន​លេង​ជា​កីឡាករ តែ​ចុង​សប្តាហ៍​នេះ Rooney ឡើង​ធ្វើ​គ្រូ​បង្វឹក Derby County ហើយ

ក្លឹប​នៅ​លីគ​លំដាប់​ទី​ពីរ​របស់​អង់គ្លេស​គឺ Derby County បាន​សម្រេច​ជ្រើសរើស​ឈ្មោះ Wayne Rooney ឲ្យ​ឡើង​មក​ធ្វើ​ជា​គ្រូ​បង្វឹក​បណ្តោះ​អាសន្ន​សម្រាប់​ការ​ប្រកួត​នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់​ពី​ក្លឹប​ប្រកាស​បណ្តេញ​ចោល​អ្នកចាត់ការ​លោក Phillip Cocu ពី​តំណែង​គ្រូ​បង្គោល។

លោក Phillip ដឹកនាំ​ឲ្យ County ​ទទួល​រង​បរាជ័យ​ជា​បន្តបន្ទាប់ ក្រោយ​ផ្លាស់​មក​កាន់​តំណែង​ជំនួស​លោក Frank Lampard នៅ​ឆ្នាំ ២០១៩។ មក​ទល់​ពេល​នេះ Derby ឈរ​បាត​តារាង​មាន​តែ ៦ ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ដៃ។

Rooney នឹង​ប្រើប្រាស់​សិទ្ធ​ពិសេស​ដឹកនាំ​ក្រុម​របស់​ខ្លួន អម​ជាមួយ​អតីត​កីឡាករ​នៅ Hull City/Brighton គឺ Liam Rosenior។ ដោយឡែក​អ្នក​ដែល​ត្រូវ​ឡើង​មក​កាន់​តំណែង​ពេញ​សិទ្ធ​ជា​នរណា​នោះ ក្លឹប​មិន​ទាន់​អាច​ប្រកាស​ពេល​នេះ​បាន​នៅ​ឡើយ។

តាម​ចចាមអារ៉ាម​ដោយ​រង់ចាំ​ការ​ចរចា​លើ​កិច្ច​ព្រមព្រៀង​ទទួល​ប្រធាន​ក្លឹប​ថ្មី ដែល​ជា​បងប្អូន​ជីដូន​មួយ​របស់​សេដ្ឋី​ក្លឹប Man City លោក Sheikh Mansour រួចរាល់​ហើយ​សិន ទើប​ប្រកាស​ពី​អ្នកចាត់ការ​ថ្មី​បាន៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT