Cassano៖ “មិន​ដឹង Barcelona គិត​អី ដែល​ដក​ចោល Luis Suarez”

អតីត​កីឡាករ​បាន​ចូល​និវត្ត Antonio Cassano បាន​បង្ហាញ​ការ​រិះគន់​ចំៗ​ទៅ​លើ​ចំណាត់ការ​របស់​ក្លឹប Barcelona ជុំវិញ​ការ​លក់​ Luis Suarez ចោល ​កាល​ពី​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ឆ្នាំ ២០២០ នេះ។

Suarez ត្រូវ​បាន​លោក Ronald Koeman ប្រាប់​ថា លែង​ស្ថិត​ក្នុង​តម្រូវ​ការ​ក្រោយ​អ្នកចាត់ការ​សញ្ជាតិ​ហូឡង់​ឡើង​កាន់​តំណែង​ថ្មី​បាន​ប៉ុន្មាន​ថ្ងៃ។

ប្រាប់​នៅ​លើ Instagram លោក Cassano និយាយ៖ “ពួក​គេ​និយាយ​ថា Suarez រាង​វ័យ​ជ្រេ​ហើយ​ពេល​ចាកចេញ​ពី Barcelona ដែល​វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ខឹង​សម្បា​មួយ​ផ្សេង​ទៀត”។

លោក​បន្ថែម៖ “គេ​រក​បាន ៣៥០ គ្រាប់​នៅ​រយៈ​ពេល ៦ ឆ្នាំ ហើយ​ខ្ញុំ​មិន​យល់​ទេ​ថា​ហេតុអ្វី​ក្លឹប​ទៅ​ដក​គេ​ចេញ ដោយ​បែរ​ទៅ​ជា​ដាក់ Griezmann ​ឲ្យ​លេង​ជំនួស​វិញ”។

បញ្ជាក់​ថា ស្ថានភាព​របស់ Barcelona ពេល​នេះ​មិន​សូវ​អំណោយ​ផល​នោះ​ទេ ដោយ ៧ ជុំ​ដំបូង​ឈរ​ចំណាត់ថ្នាក់​ទី ៨ ក្រោយ​ឈ្នះ ៣ ស្មើ ២ ចាញ់ ២ មាន ១១ ពិន្ទុ ធៀប​នឹង Atletico ក្រុម​ដែល​ទទួល​បាន Suarez ឈរ​នៅ​លេខ ៣ ​ឯ​ណោះ៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT