អតីត​គ្រូ​បង្វឹក​កាយ​សម្បទា​នៅ United ប្រាប់​ពី​ឆ្នាំ​ដែល Ronaldo នឹង​ចូល​និវត្ត​ពី​បាល់ទាត់

Cristiano Ronaldo នឹង​រំកិល​ឡើង​មួយ​លេខ​ទៀត ពោល​គឺ​ចូល​អាយុ ៣៦ ឆ្នាំ​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២១ ខាង​មុខ។ ប៉ុន្តែ​បើ​ទោះ​បី​ជា​អាយុ​រាង​ក្រាស់​ហើយ​ក្តី តែ​ការ​លេង​របស់​កីឡាករ​ព័រទុយហ្គាល់​នៅ​តែ​ខ្លាំង មិន​ចាញ់​កីឡាករ​អាយុ​ស្រករ ២០ នោះ​ឡើយ។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ អតីត​គ្រូ​បង្វឹក​ផ្នែក​កាយ​សម្បទា​នៅ​ក្លឹប Manchester United គឺ​លោក Mick Clegg បាន​បង្ហាញ​ការ​យល់​ឃើញ​ពី​ពេលវេលា​ដែល CR7 អាច​នឹង​ចូល​និវត្ត ដោយ​ធៀប​ទៅ​នឹង​សម័យ​កាល​របស់​ជើង​ចាស់​លោក Ryan Giggs។

​ប្រាប់​សារព័ត៌មាន Gazzetta dello Sport លោក Clegg និយាយ​ថា៖ “មុន​ពេល​មាន Ronaldo ដូច​ពេល​បច្ចុប្បន្ន​នេះ កាល​ពី​អតីត​កាល​អត្តពលិក​ដែល​លុត​ដំ​ខ្លួន​ឯង​​ខ្លាំង​បំផុត​លើ​ផ្នែក​កាយ​សម្បទា​នោះ​គឺ Ryan Giggs ដោយ​កាល​នោះ​គឺ​គាត់​រឹងមាំ​ខ្លាំង​ណាស់”។

លោក​បន្ត​ទៀត​ថា៖ “ប្រសិន Giggs អាច​ឈរ​ជើង​នៅ United ដល់​គាត់​មាន​អាយុ ៤០ ឆ្នាំ​បាន បែប​ហ្នឹង​ Ronaldo ក៏​អាច​ឈរ​ជើង​ដល់​អាយុ ៤១ ឆ្នាំ​បាន​ដែរ ពោល​គឺ​មាន​តែ Cristiano ទេ ដែល​អាច​ឆ្លង​ហួស​កម្រិត​ស្តង់ដារ​ដ៏​ខ្ពស់​របស់ Giggs បាន”។ បើ​ដូច​ការ​រំពឹង​ទុក​របស់ Cleggs នោះ Ronaldo នឹង​ចូល​និវត្ត​នៅ​កំឡុង​ឆ្នាំ ២០២៦។

រំឭក​ថា អតីត​ខ្សែ​បម្រើ​ខាង​លើ​បាន​ចាយ​ពេល ២៣ រដូវ​កាល​ក្នុង​អាជីព​បាល់ទាត់ នាម​ជា​កីឡាករ​នៅ​ក្លឹប​បិសាច​ក្រហម ហើយ​ប្រកាស​ចូល​និវត្ត​នៅ​ឆ្នាំ ២០១៤ ក្នុង​ពេល​មាន​អាយុ ៤០ ឆ្នាំ និង​បច្ចុប្បន្ន​កំពុង​ដើរ​តួ​ជា​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​វែល៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT