ទោះ​ខកខាន​ស៊ុត​ប៉េណាល់ទី ២ ជើង​យប់​មិញ ក៏ Ramos ​យក​បាន​កំណត់ត្រា​អស្ចារ្យ​មួយ​ដែរ

ខ្សែ​ការពារ​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​គឺ Sergio Ramos កាល​ពី​យប់​មិញ បាន​ខកខាន​ឱកាស​ស៊ុត​ប៉េណាល់ទី​ដល់​ទៅ ២ លើក ដែល​ត្រឹម​ឲ្យ​ក្រុម​ស្មើ ១-២ ទល់​ក្រុម​ជម្រើស​ជាតិ​ស្វីស​នៅ​ការ​ប្រកួត UEFA Nations League។

យ៉ាងណាមិញ​ប្រធាន​ក្រុម​ខាង​លើ ក៏​នៅ​តែ​បាន​បំបែក​កំណត់ត្រា​មួយ​ដដែល នោះ​គឺ​ការ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ច្រើន​បំផុត​សម្រាប់​កីឡាករ​លេង​នៅ​តំបន់​អឺរ៉ុប។ ដោយ​កាល​ពី​យប់​មិញ​គឺ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី ១៧៧ ហើយ​សម្រាប់ Ramos ឲ្យ​ក្រុម​គោជល់​អេស្ប៉ាញ។

នេះ​បាន​នាំ​មុខ​កំណត់ត្រា​របស់​អ្នកចាំទី​វ័យ​ចំណាស់​អ៊ីតាលី Gianluigi Buffon ដែល​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​របស់​គេ​បាន ១៧៦ ប្រកួត។

បញ្ជាក់​ថា Ramos បាន​ចាប់ផ្តើម​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ចាប់​តាំង​ពី​ឆ្នាំ ២០០៥។ ជា​រឿង​ចៃដន្យ​មួយ​ដែរ ដោយ Ramos បាន​លេង​ត​ទល់​អ៊ីតាលី​ច្រើន​លើក​បង្អស់​ធៀប​នឹង​ក្រុម​ដទៃ​ពោល​គឺ​ដល់​ទៅ ១០ លើក​ឯ​ណោះ ហើយ​ធ្លាប់​យក​ឈ្នះ ៤ លើក និង​ចាញ់ ១ លើក​ពេល​តតាំង Buffon៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT