នៅលើសង្វៀនក្នុងប្រទេសចិនកាលពីឆ្នាំ ២០១៥ និង ២០១៦ អ្នកប្រដាល់មួយថៃប៊ូខាវ ធ្លាប់បើកការតតាំងចំនួន ២ លើក តទល់អ្នកប្រដាល់ក្បាច់គុណល្បីឈ្មោះរបស់ប្រទេសចិន ដែលមានរហស្សនាម សង្ឃសៅលីង Yi Long។ ការប្រកួត ២ លើកនោះ Yi Long បានយកឈ្នះ ១ និងចាញ់ ១ តាមរយៈការកាត់សេចក្ដីដោយពិន្ទុដូចគ្នា។
ផ្សាភ្ជាប់នឹងរឿងរ៉ាវនេះក៏ជឿថា មានអ្នកគាំទ្រវិស័យប្រដាល់ជាច្រើនប្រាកដជាចង់ដឹងច្បាស់នូវប្រវត្តិខ្លះៗរបស់សង្ឃសៅលីងខាងលើ ថាតើលោកមានបទពិសោធន៍ហ្វឹកហាត់ និងឆ្លងកាត់ការប្រកួតបែបណាខ្លះ?
Yi Long មានឈ្មោះពិត Liu Xingjun ឬជាប់រហស្សនាមថា “One Dragon”។ លោកកើតនៅថ្ងៃទី ១ មេសា ឆ្នាំ ១៩៨៧ ក្នុងខេត្ត Shangdong ប្រទេសចិន ហើយមានកម្ពស់ ១,៧៦ ម៉ែត្រ និងទម្ងន់ ៧៣,៥ គីឡូក្រាម។
បុរសវ័យ ៣៥ ឆ្នាំរូបនេះត្រូវបានគេស្គាល់ថាជាមនុស្សស្រលាញ់ក្បាច់គុនបុរាណចិនខ្លាំងបំផុត ហើយលោកបានចាប់ផ្តើមហ្វឹកហាត់តាំងពីអាយុ ១៤ ឆ្នាំ និងដាក់គោលដៅចង់ក្លាយជាអ្នកប្រដាល់ក្បាច់គុណ ក្រោយទទួលបានការណែនាំពីឪពុកជុំវិញក្បាច់គុណរបស់ប្រទេសចិន។
កំឡុងពេលហ្វឹកហាត់ លោកបានចាប់យកការរៀនសូត្រក្បាច់គុនចម្រុះផ្សេងៗពីគ្នាមានដូចជា សៅលីងកុងហ្វូ (Shaolin Kung Fu) វីងជុន (Wing Chun) សាន់ដា (Sanda) និងមួយថៃ (Muay Thai)។ រហូតដល់ឆ្នាំ ២០០៩ Yi Long បានប្រលូកក្នុងកម្មវិធីប្រកួតក្បាច់គុណ Wu Lin Feng របស់ប្រទេសចិន និងកម្មវិធីលើឆាកអន្តរជាតិផ្សេងៗជាច្រើនទៀត ដោយសរុបមកទល់ពេលនេះលោកចូលរួមចំនួន ៧៤ លើក ឈ្នះ ៦១ លើក ចាញ់ ១២ លើក ស្មើ ១ លើក ធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់ ២៣ លើក។
សំណួរមួយដែលមិនទាន់មានអ្នកឆ្លើយចេញ ហើយក៏មិនទាន់មានការបញ្ជាក់ច្បាស់ពីសាមីខ្លួន នោះគឺត្រង់ថា តើ Yi Long ជាសង្ឃសៅលីងពិតប្រាកដ ឬគ្រាន់តែជាបុគ្គលដែលធ្លាប់ទៅហ្វឹកហាត់ក្បាច់គុណនៅវត្តសៅលីង? ដោយត្រឹមដឹងថា ជាទូទៅរៀងរាល់ការប្រកួត លោករមែងស្លៀកខោពណ៌លឿង អមនឹងម៉ូតសក់ត្រងោល ដែលជាអត្តសញ្ញាណបង្ហាញឲ្យអ្នកគាំទ្រនឹកដល់សង្ឃសៅលីងពិតៗ។
ចំពោះជោគជ័យពានរង្វាន់និងខ្សែក្រវាត់ដែលលោកធ្លាប់បានសម្រេចកន្លងមកមានដូចជា៖
- CIK World Champion ឆ្នាំ ២០១២
- Wu Lin Feng World champion ឆ្នាំ ២០១៣ និង ២០១៤
- WCK World Champion ឆ្នាំ ២០១៥
- S-1 Muaythai Super Middleweight World champion ឆ្នាំ ២០១៤
ប្រភព៖ yokkao | wikipedia