ខ្សែ​ប្រយុទ្ធ Salah ​វិជ្ជមាន​កូវីដ​១៩ ​ពេល​លេង​ឱ្យ​ជម្រើស​ជាតិ​អេហ្សីប

​សហព័ន្ធ​បាល់ទាត់​អេហ្សីប​បាន​ប្រកាស​ថា ​ខ្សែ​ប្រយុទ្ធ Mohamed Salah ​មាន​វិជ្ជមាន​កូវីដ​១៩​ទៅ​ហើយ ​ក្រោយ​ពី​ធ្វើ​តេស្ដ​ម្សិលមិញ​នេះ ​និង​បច្ចុប្បន្ន​កំពុង​ដាក់​ខ្លួន​នៅ​ដោយ​ឡែក។

​អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ ​Salah ​មិន​មាន​រោគ​សញ្ញា​អ្វី​ឡើយ ប៉ុន្តែ​ពេល​ធ្វើ​តេស្ដ​ទៅ​សម្រាប់​តែ​ឃើញ​ថា​រូបគេ​មាន​ផ្ទុក​មេរោគ​កូវីដ​១៩​ទៅ​ហើយ។ ​ខណៈ​ដែល​សមាជិក​ក្នុង​ក្រុម​ជម្រើស​ជាតិ​ដទៃ​ទៀត​មិន​មាន​អ្នក​ឆ្លង​មេរោគ​នោះ​ទេ។ ​ពេល​នេះ រូបគេ​កំពុង​ដាក់​នៅ​ដោយ​ឡែក​ដើម្បី​ត្រួត​ពិនិត្យ​មើល​ម្ដង​ទៀត។ ​

​ការ​រក​ឃើញ​ថា​មាន​មេរោគ​នេះ ​នឹង​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ខកខាន​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អេហ្សីប​ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations ​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ ​និង​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ។ រូបគេ​ក៏​ទំនង​ជា​អវត្តមាន​ក្នុង​ការ​ប្រកួត​ឱ្យ​ក្រុម Liverpool ​ទល់​ក្រុម Leicester City ​ផង​ដែរ៕

ប្រភព៖ SkySports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT