ខ្សែបម្រើដាណឺម៉ាក Christian Eriksen បានបង្ហាញការយល់ឃើញពីស្ថានភាពរបស់ខ្លួន និងអនាគតខ្លះៗនៅថ្ងៃមុខ ស្របពេលដែលការផ្ទេរមក Inter Milan ហាក់មិនផ្តល់ឱកាសសម្រាប់ខ្លួនទាល់តែសោះជុំវិញការបង្ហាញខ្លួនលើទីលាន។
កីឡាករវ័យ ២៨ ឆ្នាំបាននិយាយប្រាប់សារព័ត៌មាន TV2 កន្លងទៅនេះថា៖ “វាមិនមែនជាអ្វីដែលខ្ញុំបានស្រមៃពីដំបូងទេ ដោយកីឡាករទាំងអស់ចង់លេងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន តែអ្នកចាត់ការគឺអ្នកសម្រេចថានរណាអាចបង្ហាញខ្លួននៅលើទីលានបាន”។
លោកបន្តទៀតថា៖ “វាជាស្ថានភាពចម្លែកមួយដែរ ព្រោះអ្នកគាំទ្រចង់ឃើញខ្ញុំលេងបានច្រើនជាងនេះ តែការគិតរបស់អ្នកចាត់ការគឺខុសគ្នា ហើយខ្ញុំមានតែត្រូវគោរពតាមបែបហ្នឹង”។
បន្តដល់រឿងរ៉ាវអនាគត អតីតកីឡាករ Spurs សង្កត់ធ្ងន់៖ “ខ្ញុំកំពុងផ្តោតលើការលេងបាល់ទាត់ពេលនេះ តែរឿងទីផ្សារដោះដូរនៅពេលដែលបើកទ្វារ យើងក៏នឹងរង់ចាំមើលដែរថានឹងមានរឿងអ្វីកើតឡើងឬអត់”៕
ប្រភព៖ Goal