អ្នក​ចាត់​ទូទៅក្លិប​បឹង​កេត​និងភ្នំពេញ​ក្រោនយល់​ឃើញ​បែបណាក្រោយ​ទទួល​បាន​ការ​ពិន័យរបស់​សហព័ន្ធបាល់​ទាត់​កម្ពុជា

ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន ទទួលការរងពិន័យពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជានូវទឹកប្រាក់ចំនួន២​លាន​រៀល និងមិនអនុញ្ញាតឱ្យ​អ្នក​ទស្សនា​ការចូល​មើល​ការ​ប្រកួត ខណៈដែលបឹងកេតក៏រងពិន័យ១លានរៀល និងមិនឱ្យអ្នកទស្សនាចូលមើល១ប្រកួតដែរ នារដូវកាល ២០២១ ខាងមុខ ពេលក្រុមទាំងពីរប្រកួតគ្នា​១ប្រកួត​ចុងក្រោយ ក្នុងលីគកំពូលកម្ពុជា រដូវកាល ២០២០ កន្លងទៅ។

ក្រុមទាំងពីរ ដែលរងពិន័យនេះ ក្នុងពេលដែល​​ភ្នំពេញ​ក្រោន​ធ្វើ​ម្ចាស់​ផ្ទះប្រកួតជាមួយ​ក្រុមបឹងកេត​ ​ដែល​អ្នក​គាំទ្រ​ជេរប្រមាថ​អាជ្ញាកណ្ដាល​ និង​​ការ​គ្រប់​គ្រង​មិន​បាន​ល្អ​បណ្ដាល​ឱ្យ​អ្នក​គាំទ្រ​រត់​ចូល​ទីលាន​ ​ដោយ​សារ​ការ​ប៉ះ​ទង្គិច​នា​ប្រកួត​ចុងក្រោយនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅកីឡដ្ឋានភ្នំពេញក្រោន។

លោក កែវ សុខងន អ្នក​ចាត់​ការ​ក្រុម​ភ្នំពេញ​ក្រោនបាន​បញ្ជាក់ថា ក្លឹប​នឹង​កោះ​ហៅ​កីឡាករ​ទាំង​អស់​ និង​ក្រុម​ការងារ​ទាំង​អស់​ ដើម្បី​ប្រជុំពិភាក្សានិង​ដោះ​ស្រាយ​ លើបញ្ហា​ពិន័យ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។ លោកបានបន្ដថា ពេល​នេះ​កីឡាករ​ និង​ក្រុម​ការងារ​កំពុង​ជាប់​លំហែ​កាយ អ្នក​​ខ្លះ​ទៅ​ស្រុក​កំណើត ដោយសារ​ការ​ប្រកួត​បាន​បញ្ចប់​ និង​ជា​ពេលវេលា​សម្រាករបស់​កីឡាករ និងក្រុមការងារ។

ដោយឡែក លោក បែ មករា អ្នកចាត់ការទូទៅបឹងកេត  បានប្រាប់នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះដែរថា ចំពោះការពិន័យរបស់គណៈកម្មការ​វិន័យ​នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺក្លឹបបឹងកេតបានទទួលយកនូវការពិន័យនេះ សម្រាប់ប្រាក់​ពិន័យ​១លានរៀល និងបម្រាបមិនឱ្យអ្នកគាំទ្រចូលទស្សនាការប្រកួតចំនួន១ប្រកួត នារដូវកាល ២០២១ ខាងមុខ។ លោកចាត់ទុកថា ការប៉ះទង្គិចរបស់ក្រុមអ្នកគាំទ្ររបស់ខ្លួន ដោយមានការរត់ចូលទីលាន​ជាដើមនោះ គឺដោយសារតែក្តីស្រឡាញ់ក្នុងការគាំទ្រដល់ក្លឹបបាល់ទាត់រៀងៗខ្លួន។

ប៉ុន្តែ ទោះជាបែប​នេះ​ក្តី ក៏លោកមិនគាំទ្រដល់សកម្មភាពបែបនេះឡើយ ហើយនៅពេលខាងមុខក្លឹបនឹងរៀបចំការជួបជុំ​ជាមួយ​ក្រុមអ្នកគាំទ្រឈានមុខរបស់ក្លឹបបឹងកេត ដើម្បីពន្យល់ណែនាំបន្ថែម ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យ​ក្រុម​អ្នកគាំទ្រមានរបៀបរៀបរយកាន់តែល្អប្រសើរ ដើម្បីរួមចំណែកនៃការអភិវឌ្ឍវិស័យកីឡាបាល់​ទាត់នៅ​កម្ពុជា​កាន់តែរីកចម្រើន។ ជាមួយគ្នានោះ អ្នកចាត់ការទូទៅរូបនេះបានសង្កត់ធ្ងន់ថា ក្លឹបនឹងពង្រឹងខ្លួន ជាពិសេសលើបញ្ហា ក្រុមអ្នកគាំទ្រ ពេលប្រកួតក្នុងដីរបស់ខ្លួន ដើម្បីរក្សាសណ្តាប់ធ្នាប់កាន់តែល្អ ដែល​ការរងពិន័យនេះគឺជាបទពិសោធន៍ថ្មីមួយទៀត ដែលនឹងធ្វើឱ្យក្លឹបកាន់តែប្រុងប្រយ័ត្ន នាពេលខាងមុខ។

សូមបញ្ជាក់ថា ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន និងក្រុមភ្ញៀវ បឹងកេត ដែលជួបគ្នា១ប្រកួតចុង​ក្រោយ​បញ្ចប់រដូវកាល ២០២០ បានរក្សាលទ្ធផលស្មើគ្នា ១ទល់១ ដោយក្រុមបឹងកេតគ្រងម្ចាស់ជើង​ឯកលីគ​កំពូល រដូវកាល ២០២០នេះ ដោយឆ្លងកាត់១៧ប្រកួត ឈ្នះ១៣ប្រកួត ស្មើ២ប្រកួត មិនធ្លាប់ចាញ់ មាន៤១ពិន្ទុ ទទួលបានពានរង្វាន់១ អមដោយប្រាក់រង្វាន់១៥០លានរៀល ខណៈក្រុមរងជើងឯក ព្រះខ័ន​រាជស្វាយរៀង  មាន៤១ពិន្ទុដែរ ខណៈក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមភ្នំពេញក្រោន ដែលមាន​៣៣ពិន្ទុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT