សហព័ន្ធកីឡានានាផ្អាកការប្រកួតជាបន្តបន្ទាប់ ដើម្បីរួមគ្នាបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា

សហព័ន្ធកីឡាជាតិនានា ដែលគ្រោងនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ចន្លោះពីថ្ងៃទី១០ ដល់ដំណាច់ខែវិច្ឆិកា បានប្រកាសផ្អាកការប្រកួតជាបន្តបន្ទាប់ ដើម្បីបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងការណែនាំរបស់ក្រសួងអប់រំ ជាពិសេសគឺចូលរួមបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា។

ក្រៅពីការផ្អាកបណ្តោះអាសន្ននៃប្រកួតកីឡាបាល់ទាត់គ្រប់កម្រិតយុវជន លីគទី២ លីគនារី បាល់ទាត់ក្នុងសាល ប្រដាល់គុនខ្មែរ អត្តពលកម្ម គេសង្គេតឃើញសហព័ន្ធកីឡាជាតិផ្សេងទៀត ក៏បានប្រកាសផ្អាកសកម្មភាពប្រកួតបណ្តោះអាសន្នជាបន្តបន្ទាប់ ដូចជាជើងឯកថ្នាក់ជាតិ កីឡាបាញ់កាំភ្លើង លើកទៅខែធ្នូ, កីឡារំារង់ចាំជូនដំណឹងជាថ្មី, ការរៀបចំទិវា គុណតម្លៃអូឡាំពិក នៅភ្នំពេញ និងមួយចំនួន។ ក្នុងពេលដំណាលគ្នានេះ សកម្មភាពកីឡាមួយចំនួនក៏ត្រូវលើកពេលដូចគ្នា ដូចជាកិច្ចប្រជុំប្រចាំសប្តាហ៍របស់ CAMSOC, ការហ្វឹកហាត់ ការលេងកីឡាលក្ខណៈប្រមូលផ្តុំ, ពហុកីឡដ្ឋានជាតិអូឡាំពិកត្រូវផ្អាកការចេញចូលជាបណ្តោះអាសន្ន។

កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួង​អប់រំ​ យុវជន ​និង​កីឡាបានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​សម្រេច​ផ្អាក​គ្រប់​សកម្មភាព​នៃ​ការលេង​កីឡា និង​ហាត់ប្រាណ​នៅតាម​ទីសាធារណៈ និង​បិទ​មិន​ឱ្យ​មានការ​ចេញចូល​ពហុ​កីឡដ្ឋាន​ជាតិ​បណ្តោះអាសន្ន​។ ការផ្អាក​នេះធ្វើឡើង​ក្រោយ​ក្រសួង​រកឃើញថា អង្គរក្ស​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​បាន​ទាក់ទង​ការងារ​ផ្ទាល់ និង​ប្រយោល​ជាមួយ​មនុស្ស​៧​រូប ដែល​ធ្វើការ​ក្នុង​វិស័យ​កីឡា​។ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន ​និង​កីឡា​បាន​បញ្ជាក់ថា ​អង្គរក្ស​១​រូប​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​ជា​គ្រូបង្វឹកបានមក​បង្ហាត់កីឡា​ក​រ​២​នាក់​នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​បាន​ទាក់ទង​ការងារ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​បុគ្គលិក​៥​រូប នៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT