Johnson៖ “ខ្សែ​ការពារ​រូប​នេះ​ល្អ​ជាង Arnold ទាំង​ល្បឿន​និង​ភាព​រឹងមាំ”

Glen Johnson អតីត​កីឡាករ​ជើង​ចាស់ ថ្មីៗ​នេះ​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ខ្សែ​ការពារ​ស្លាប​របស់​ក្លឹប​តោ​ខៀវ Chelsea គឺ​កីឡាករ Reece James មាន​គុណភាព​លេង​នៅ​តំណែង​ការពារ ល្អ​ជាង​កីឡាករ​របស់​ Liverpool គឺ Trent Alexander-Arnold។

Arnold ​អាយុ ២២ ឆ្នាំ ជា​ការ​ពិត​កំពុង​ជាប់ឈ្មោះ​ជា​ខ្សែ​ការពារ​ស្លាប​ស្តាំ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​លោក ក្រោយ​ពី​បាន​ជួយ​ឲ្យ​ Liverpool ឈ្នះ​ពាន UCL និង PL នៅ​រយៈ​ពេល ​២ ឆ្នាំ​ចុងក្រោយ។

យ៉ាងណាមិញ Johnson អតីត​កីឡាករ​ហង្ស​បាន​ប្រាប់​ Compare.bet ​ថា៖ “តាម​ពិត​ការ​ប្រៀបធៀប​រវាង Trent និង Reece James ពេល​ខ្លះ​គឺ​វា​ស៊ីសង​លើ​គូ​ប្រជែង​ដែល​ពួក​គេ​ត្រូវ​តតាំង​ដែរ តែ​សម្រាប់​ខ្ញុំ​នៅ​តែ​គិត​ថា Reece James គេ​ល្អ​ជាង ព្រោះ​គេ​លឿន និង​រឹងមាំ​ជាង”។

លោក​បន្ថែម៖ “Trent គេ​ឆ្លាត ហើយ​អាច​គ្រប់គ្រង​បាល់​បាន​ល្អ ពោល​គឺ​ល្អ​ជាង​អាយុ​គេ​ឆ្ងាយ​ណាស់ តែ​សម្រាប់ Reece ខ្ញុំ​គិត​ថា លេង​ទប់​ខាង​ក្រោយ​បាន​ល្អ​ច្រើន​ជាង”៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT