មិនមែន Juve ឬ Atletico តែ Morata ថា​ចង់​បញ្ចប់​អាជីព​នៅ​ក្លឹប​មួយ​នេះ

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Juventus គឺ​កីឡាករ Alvaro Morata បាន​និយាយ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ថា ក្លឹប Atletico Madrid ​តែងតែ​ជា​ក្លឹប​ដែល​ខ្លួន​ស្រលាញ់​គាំទ្រ​ជានិច្ច តែ​បើ​និយាយ​ថា​ចង់​ចូល​បញ្ចប់​នៅ​ទី​នោះ​ឬ​អត់ លោក​សូម​ជ្រើស​យក​ក្លឹប​មួយ​ផ្សេង​ទៀត។

កីឡាករ​អេស្ប៉ាញ ដែល​រក​បាន ៦ គ្រាប់​នៅ ៨ ប្រកួត​ដំបូង​ឲ្យ​ក្លឹប Juventus ក្នុង​ប្រទេស​អ៊ីតាលី បាន​និយាយ​ប្រាប់​សារព័ត៌មាន El Partizado បែប​នេះ​ថា៖ “អ្នក​ប្រាកដ​ជា​រមែង​មាន​ក្រុម​មួយ​ក្នុង​ចិត្ត​តាំង​ពី​តូចៗ​មក ហើយ​ខ្ញុំ​គឺ​តែងតែ​ស្រលាញ់​គាំទ្រ Atletico”។

លោក​បន្ថែម​ទៀត​ថា៖ “ខ្ញុំ​ពិត​ជា​មាន​ទំនាក់ទំនង​ល្អ​ខ្លាំង​ណាស់​ជាមួយ Diego Simeone ហើយ​ខ្ញុំ​ជូនពរ​ឲ្យ​គាត់​ជួប​តែ​រឿង​ល្អ ដោយ​យើង​មិន​ដឹង​នោះ​ទេ​ថា​យើង​នឹង​អាច​ជួប​គ្នា​ម្តង​ទៀត​ឬ​បែប​ណា”។

Morata ដែល​ធ្លាប់​វិវត្ត​ខ្លួន​ពី​ទ្រនំ​ថ្នាល​យុវជន​នៅ At មក​កាន់​ Getafe នៅ​ឆ្នាំ ២០០៧ និយាយ​ថា៖ “ខ្ញុំ​ចង់​ប្រើប្រាស់​ឈុត​កីឡា​ចុង​ក្រោយ​បង្អស់​របស់​ខ្ញុំ​នៅ​ក្លឹប Getafe ព្រោះ​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រធាន​ក្លឹប​និង​មនុស្ស​នៅ​ទី​នោះ ដោយ​ខ្ញុំ​ចង់​អរគុណ​ដល់​ពួក​គេ​ការ​ដែល​ខ្ញុំ​អាច​ក្លាយ​ជា​កីឡាករ​ដូច​ជា​ខ្លួន​ខ្ញុំ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT