ឡាក់ឆុង​ឬ​បែប​ណា? នេះ​រំឭក​ការ​ប្រើ​ឈុត​ពណ៌​ផ្កាឈូក R.Madrid ចាញ់​ស្ពឹក​មុខ​ទាំង ៣ លើក

ក្រៅ​ពី​ឈុត​ទី ១ ពណ៌​ស ឈុត​ទី ២ ពណ៌​រាង​ក្រមៅ ក្លឹប Real Madrid ក៏​មាន​ឈុត​ទី​ ៣ មួយ​ផ្សេង​ទៀត​ដែល​ប្រើប្រាស់​ពណ៌​ផ្កាឈូក​ស្រស់។ ឈុត​ថ្មី​ទី ៣ ដែល​ទើប​រចនា​ដាក់​ឲ្យ​ប្រើប្រាស់​បាន​រយៈ​ពេល​ជាង ១ ឆ្នាំ គឺ​ពុំ​បាន​ពាំនាំ​នូវ​ភាព​ជោគជ័យ​ជូន​ក្លឹប​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​មាន​តែ​ភាព​បរាជ័យ ហើយ​ចាញ់​ស្ពឹក​មុខ​រៀងរាល់​ប្រកួត។

ត​ទៅ​នេះ​ ទំព័រ CTS Sports សូម​ធ្វើ​ការ​រំឭក ៣ លើក​ដែល​ក្លឹប Real Madrid បាន​ប្រើប្រាស់​ឈុត​ពណ៌​ផ្កា​ឈូក ហើយ​ទទួល​លទ្ធផល​ចាញ់​ទាំង ៣ លើក៖

១) ធ្លាក់​ក្រោម​ថ្វី​ជើង​របស់ Man City នៅ UCL

កាល​ពី​ជើង​ទី ២ វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ នៅ​កំឡុង​ខែ​សីហា ឆ្នាំ ២០២០ ក្លឹប Real Madrid បាន​បើក​ឆាក​ប្រើប្រាស់​ឈុត​ពណ៌​ផ្កាឈូក​នោះ​ជា​លើក​ដំបូង ហើយ​ក៏​ជា​ថ្ងៃ​តែ​មួយ​ដែល​ក្រុម​ការពារ​ជើង​ឯក UCL ១៣ សម័យ​កាល ត្រូវ​ហាល​អាវ​ត្រឹម​វគ្គ ១៦ ក្រុម​ផង​ដែរ។

Man City បាន​យក​ឈ្នះ ២-១ ទៅ​លើ Real Madrid និង​សរុប​លទ្ធផល​ពីរ​ជើង​គឺ ៤-២ បន្ត​ក្តី​សង្ឃឹម​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់។

២) ចាញ់​ក្រុម​ទើប​ប្រម៉ូត​ឡើង Cadiz នៅ LaLiga

រំលង​បាន​ជាង​ ២ ខែ​បន្ទាប់ ក្លឹប Real Madrid ត្រូវ​បើក​កីឡដ្ឋាន Estadio Alfredo Di Stefano ស្វាគមន៍​ក្លឹប Cadiz ដែល​ទើប​តែ​ប្រម៉ូត​ឡើង ​មក​ក្នុង​ក្របខ័ណ្ឌ LaLiga ហើយ​មុន​ការ​ប្រកួត​នរណា​ក៏​រំពឹង​ដែរ​ថា ស្តេច​ស​នឹង​ស៊ី​ផុយ​ទល់ Cadiz តែ​មាន​ឯ​ណា ក្រោយ​ចប់​ការ​ប្រកួត​លទ្ធផល​ម្ចាស់ដី​បែរ​ជា​ចាញ់​ក្រុម​ភ្ញៀវ ០-១ ធ្វើ​ឲ្យ Real រង​ភាព​អាម៉ាស់​ជា​ខ្លាំង។

៣) ចាញ់ Valencia ៤-១ នៅ LaLiga

វា​ជា​បរាជ័យ​កាល​ពី​យប់​មិញ ដែល Real Madrid ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ ហើយ​ ៤ គ្រាប់​នោះ​មាន ៣ ជា​ការ​បង្ក​កំហុស​របស់​កីឡាករ Madridក្នុង​ប្រអប់​គ្រោះថ្នាក់ ហើយ ១ ទៀត​ជា​បាល់ Own Goal កើត​ចេញ​ពី Raphael Varane។

មើល​តាម​ស្ថិតិ​នៃ​ការ​លេង​ Real ដូច​ជា​មាន​ឱកាស​ច្រើន​ដែរ ដោយ​ស៊ុត​ចេញ ១៦ លើក​ចំ​គោលដៅ ៦ លើក តែ​យក​បាន​ត្រឹម ១ ​គ្រាប់​គត់ ខណៈ​ម្ចាស់ផ្ទះ Valencia បើ​ដក​បាល់​ប៉េណាល់ទី​ស៊ុត​ចំ​គោលដៅ ១ លើក​គត់ តែ​ចុងក្រោយ​ពួក​គេ​នៅ​តែ​ឈ្នះ។

តើ Real Madrid ជាមួយ​ឈុត​ពណ៌​ផ្កាឈូក​នោះ ឡាក់ឆុង​គ្នា​ឬ​បែប​ណា បាន​ឲ្យ​តែ​ពាក់​ចេះ​តែ​ចាញ់​បែប​ហ្នឹង?

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT