នាំ​ឲ្យ​ស្គាល់​យុវជន​អាយុ ១៥ ឆ្នាំ​កម្ពស់​ជិត ២ ម៉ែត្រ​ត្រៀម​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ឲ្យ​ក្លឹប PSG

ក្លឹប Paris Saint-Germain ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Thomas Tuchel ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រៀម​នឹង​នាំ​យក​យុវជន​ថ្នាល​អាយុ ១៥ ឆ្នាំ​មួយ​រូប​មាន​ឈ្មោះ El Chadaille Bitshiabu ឲ្យ​មក​ចូលរួម​នៅ​ឈុត​ធំ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

គេ​ជា​កីឡាករ​លេង​នៅ​តំណែង​ខ្សែ​ការពារ​កណ្តាល​ ដែល​ក្រៅ​ពី​ភាព​ប៉ិនប្រសព្វ សម្រាប់​ចំណុច​លេចធ្លោ​របស់​គេ​គឺ​ត្រង់​ផ្នែក​កាយសម្បទា​ដែល​អំណោយទាន​ពី​ធម្មជាតិ នោះ​គឺ​កម្ពស់​ខ្ពស់​ដល់​ទៅ ១,៩៦ ម៉ែត្រ ហើយ​ទម្ងន់ ៩៦ គីឡូ​ក្រាម។

កីឡាករ​សញ្ជាតិ​បារាំង​ខាង​លើ ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ឈុត U19 នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២០ នេះ ហើយ​ដោយសារ​នៅ​ឈុត​ធំ មាន​សិស្ស​ច្បង​ជួប​បញ្ហា​របួស​ច្រើន ​និង​ការ​ប្រកួត​កំពុង​មមាញឹក​ផង​នោះ ទើប​លោក Tuchel សម្រេច​ចង់​ផ្តល់​ឱកាស​ឲ្យ​គេ​តែ​ម្តង​ទៅ ព្រោះ​ណា​មួយ​ត្បិត​បើ​អាយុ​គេ​តិច តែ​គេ​មាន​ទេពកោសល្យ និង​រូបរាង​កាយ​មិន​ចាញ់​យុវជន​ស្រករ​ ២០ ឡើយ។

បញ្ជាក់​ថា នៅ​ពេល​ដែល Bitshiabu ​អាច​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ឈុត​ធំ​ឲ្យ​ក្លឹប​សេដ្ឋី​បារាំង នោះ​គេ​នឹង​ជាប់​ឈ្មោះ​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ក្លឹប នាម​កីឡាករ​បង្ហាញ​ខ្លួន​នៅ​អាយុ​តិច​បំផុត ដែល​ជំនួស​ឈ្មោះ​អ្នក​គ្រង​បច្ចុប្បន្ន​គឺ Kingsley Coman ដែល​ធ្លាប់​ចូលរួម​លេង​ឲ្យ PSG នៅ​អាយុ ១៦ ឆ្នាំ ៨ ​ខែ និង ៤ ​ថ្ងៃ កាល​ពី​រយៈ​ពេល ៧ ឆ្នាំ​មុន៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT