McGregor ដាក់​គោលដៅ ៣ ឆ្នាំ​ទៀត​ដើម្បី​ក្លាយ​ជា​សេដ្ឋី​ប្រាក់​ពាន់​លាន​ដូច Ronaldo និង Floyd

អតីត​អ្នក​ប្រដាល់​ក្បាច់​គុណ​ចម្រុះ ConorMcGregor បាន​ឆ្លើយតប​ទៅ​កាន់​អ្នក​គាំទ្រ​លើ​បណ្តាញ​សង្គម ថា​ក្នុង​រយៈ​ពេល ៣ ឆ្នាំ​ទៅ​មុខ​ទៀត លោក​នឹង​ក្លាយ​ជា​សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​ដូច​អត្តពលិក​កំពូល ៥ រូប​ឯ​ទៀត​ដែរ។

បុរស​វ័យ ៣២ ឆ្នាំ សព្វថ្ងៃ​មាន​ទ្រព្យសម្បត្តិ​ជាង ១៣០ លាន​ដុល្លារ ដោយ​នេះ​រាប់​តែ​ទ្រព្យ​ដែល​ទទួល​បាន​ពី​អាជីព​លើ​សង្វៀន​ UFC ​និង​ប្រាក់​ទទួល​បាន​ពី​កិច្ច​ព្រមព្រៀង​ផ្សព្វផ្សាយ​ឲ្យ​ក្រុមហ៊ុន Burger King, Beats, Monster Energy និង Reebok តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ទាន់​រាប់​បញ្ចូល​នូវ​ចំណូល​នៅ​អាជីវកម្ម​លក់​ស្រា​វ៊ីស្គី​របស់​លោក​នោះ​ឡើយ ដោយ​ត្រឹម​មួយ​ឆ្នាំ​ដំបូង​លោក​កើប​បាន​ជាង ៩០០ លាន​ដុល្លារ​ទៅ​ហើយ​ពី​ក្រុមហ៊ុន​នោះ។ (បញ្ជាក់៖ ជា​ទំហំ​ចំណូល​មិន​ទាន់​ដក​ថ្លៃ​ដើម ឬ​គិត​ចេញ​ជា​ប្រាក់​ចំណេញ)

ផ្សា​ភ្ជាប់​នឹង​ភាព​ជោគជ័យ​នៃ​អាជីវកម្ម​ខាង​លើ បុរស​សញ្ជាតិ​អៀរឡង់​បាន​បង្ហើប​ប្រាប់​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម Twitter ថា​ត្រឹម​អាយុ ៣៥ ឆ្នាំ គឺ​លោក​នឹង​អាច​ក្លាយ​ជា​សេដ្ឋី​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​បាន​ហើយ។

ប្រសិន​ក្លាយ​ជា​ការ​ពិត​មែន​នោះ McGregor នឹង​ចារ​ឈ្មោះ​ក្នុង​បញ្ជី ជាមួយ​អត្តពលិក​ឯ​ទៀត​មាន​ដូច​ជា​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather តារា​បាល់​បោះ Michael Jordan អ្នក​វាយ​កូន​ហ្គោល Tiger Woods និង​តារា​បាល់ទាត់ Cristiano Ronaldo ក៏​ដូច​ជា Lionel Messi៕

ប្រភព៖ TalkSports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT