មិនមែន​តារា​បាល់ទាត់​ទេ! ប្រុស​ម៉ៅ Kante ដំបូង​ឡើយ​ចង់​បម្រើការ​ក្នុង​អាជីព​មួយ​នេះ

វិវត្ត​ខ្លួន​ពី​ក្មេង​ដែល​រស់នៅ​ក្នុង​ជីវភាព​ខ្វះខាត​មួយ​រូប ទី​បំផុត N’Golo Kante បាន​ប្រែ​ក្លាយ​ជា​បុគ្គល​ជោគជ័យ​មាន​ទ្រព្យ​រាប់​សិន​លាន​ដុល្លារ ដោយសារ​តែ​វិស័យ​កីឡា​បាល់ទាត់។ បុរស​សញ្ជាតិ​បារាំង​បាន​ប្រលូក​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​អស់​រយៈ​ពេល​ជិត ១០ ឆ្នាំ​មក​ហើយ។

មុន​មាន​ឱកាស​បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដូច​ពេល​បច្ចុប្បន្ន ប្រុស​ម៉ៅ Kante ក៏​ដូច​ជា​យុវជន​ឯ​ទៀត​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ដូច​គ្នា។ នៅ​ពេល​ដែល​មិន​ទាន់​ទទួល​បាន​ផ្លែផ្កា​ក្នុង​វិស័យ​បាល់ទាត់ Kante ​មិន​គិត​ថា​រស់នៅ​ក្នុង​ជីវិត​ជា​កីឡាករ​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​ខិតខំ​រៀន​សូត្រ ដោយ​មាន​គោលដៅ​ចង់​បម្រើ​ការងារ​ជា​គណនេយ្យករ ឬ​យើង​និយម​ហៅ​ថា Accountant ​តែ​ប៉ុណ្ណោះ។

ធ្លាប់​ប្រាប់​នៅ​បទសម្ភាសន៍​មួយ កីឡាករ​វ័យ ២៩ ឆ្នាំ​និយាយ៖ “ពេល​ខ្ញុំ​នៅ​ក្លឹប Boulogne ឈុត​ទី​ពីរ គឺ​កាល​នោះ​ស្ថិត​នៅ​ក្របខ័ណ្ឌ​លំដាប់​ទី ៦ ហើយ​ឡើង​មក​ទី ៥ ដោយ​ខ្ញុំ​មិន​មែន​ជា​កីឡាករ​អាជីព​អ្វី​នោះ​ទេ អ៊ីចឹង​ហើយ​ខ្ញុំ​ក៏​ខិតខំ​រៀនសូត្រ​បន្ត​ទៀត ព្រោះ​មិន​ច្បាស់​ថា​ខ្លួន​ឯង​អាច​រស់នៅ​ក្នុង​ជីវិត​ជា​កីឡាករ​បាល់ទាត់​ឬ​អត់”។

លោក​បន្ត៖ “នៅ​ពេល​ចប់​ថ្នាក់​វិទ្យាល័យ​នៅ​អាយុ ១៨ ឆ្នាំ ខ្ញុំ​បាន​បន្ត​ការ​សិក្សា​រយៈ​ពេល ២ ឆ្នាំ​ទៀត​នៅ​ជំនាញ​គណនេយ្យ តែ​លុះ​ដល់​ពេល​ខ្ញុំ​មាន​ឱកាស​ឡើង​មក​លេង​នៅ​ឈុត​ធំ ខ្ញុំ​ក៏​សម្រេច​ចិត្ត​បញ្ឈប់​ការ​សិក្សា ហើយ​ជ្រើសរើស​ផ្តោត​លើ​ការ​លេង​បាល់ទាត់​វិញ”៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT