Ronaldinho និយាយ​ចំៗ​​ពី​ឈ្មោះ​កីឡាករ ៣ រូប​ដែល​លេង​ល្អ​ជាង Lionel Messi

អតីត​កីឡាករ​ជើង​ចាស់​នៅ​ក្លឹប​ Barcelona និង​ជម្រើស​ជាតិ​ប្រេស៊ីល​គឺ Ronaldinho ​បាន​បដិសេធ​មិន​ជ្រើស​យក​ឈ្មោះ Lionel Messi ថា​ជា​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ផ្ទុយ​ទៅ​វិញ​គឺ​ចុច​ឈ្មោះ​ជើង​ចាស់ ៣ រូប​ឯ​ទៀត។

ខ្សែ​ប្រយុទ្ធ​វ័យ ៣៣ ឆ្នាំ បច្ចុប្បន្ន​ឈរ​ឈ្មោះ​ជា​កីឡាករ​ទី ១ ក្នុង​លោក​ដែល​បាន​ឈ្នះ Ballon d’Or ចំនួន ៦ សម័យ​កាល។ យ៉ាងណាមិញ Ronaldinho ដែល​ធ្លាប់​ជា​មិត្ត​ចាស់​របស់ Messi នៅ​ក្លឹប​យក្ស​កាតាឡាន់​បែរ​ជា​យល់​ឃើញ​បែប​នេះ​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​ការ​ដែល​ឃើញ Messi ឈ្នះ Ballon d’Or ដោយ​យើង​ក៏​ធ្លាប់​ជា​មិត្ត​នឹង​គ្នា​កំឡុង​ពេល​លេង​នៅ Barcelona ដែរ”។

លោក​បន្ត​ទៀត​ថា៖ “ខ្ញុំ​មិន​ចូលចិត្ត​ការ​ប្រៀបធៀប​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​ពិបាក​នឹង​និយាយ​ដូច​គ្នា ប្រសិន​ថា​ Messi ជា​កីឡាករ​ល្អ​បំផុត​គ្រប់​ពេលវេលា ព្រោះ​នៅ​មាន Maradona, Pele និង Ronaldo [ប្រេស៊ីល] ដែល​ល្អ​ជាង”។

“បែប​ហ្នឹង​វា​ពិត​ជា​ពិបាក​ដែល​និយាយ​ថា Messi ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់ ប៉ុន្តែ​ខ្ញុំ​អាច​ថា​គេ​ល្អ​បំផុត​ក្នុង​យុគសម័យ​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន​នេះ”៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT