ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Fati ​រង​របួស​ជង្គង់​ធ្ងន់​អាច​សម្រាក​ច្រើន​ខែ​

​ក្នុង​ជ័យជម្នះ​លើ​ក្រុម Real Betis ​ដល់​ទៅ ៥-២ ​នៅ​យប់មិញ​នេះ ​ក្រុម FC Barcelona ​បាន​បាត់​បង់​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៅ​ហើយ គឺ Ansu Fati ​ដែល​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ។

ក្នុង​ការ​ប្រកួត​នេះ Fati ​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ ​Aissa Mandi ​ខ្សែ​ការពារ Real Betis ​ក្នុង​តំបន់​គ្រោះ​ថ្នាក់ ​ហើយ​ក្រុម Barcelona ​ក៏​ទទួល​បាន​បាល់​ប៉េណាល់ទី​នេះ​ដែរ តែ Griezmann ​ស៊ុត​មិន​សម្រេច​។ កីឡាករ​វ័យ​ក្មេង​រូប​នេះ​ត្រូវ​ប្ដូរ​ចេញ​នៅ​តង់​ទី​២ ​ហើយ​ក្រុម​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា​ជង្គង់​របស់​គេ​នេះ ​បាន​ប៉ះ​ពាល់​ខ្លាំង​មែនទែន។ ​គេ​មិន​ទាន់​ប្រាកដ​ទេ​ថា​នឹង​ត្រូវ​សម្រាក​ប៉ុន្មាន​ខែ ប៉ុន្តែ​ច្បាស់​ណាស់​គឺ​ពិត​ជា​ធ្ងន់ធ្ងរ។

​Fati ​កំពុង​ឡើង​ជើង​ខ្លាំង​មែនទែន​ទាំង​នៅ​ក្រុម Barcelona ​និង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ ​កីឡាករ​វ័យ​១៨​ឆ្នាំ​នេះ​ក៏​មាន​ឈ្មោះ​លេង​ក្នុង​ការ​ប្រកួត​នៅ​ជម្រើស​ជាតិ​ខាង​មុខ​ដែរ ប៉ុន្តែ​បញ្ហា​របួស​នេះ​នឹង​ធ្វើ​ឱ្យ​ខកខាន​ឱកាស​មិន​ខាន៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT