Douglas Costa បាននិយាយថាខ្លួនមិនដែលឃើញកីឡាករបាល់ទាត់ណាម្នាក់ខំប្រឹងហ្វឹកហាត់ដូច Cristiano Ronaldo នោះទេ រូបគេតែងមកលឿនជាងគេ និងទៅផ្ទះវិញក្រោយគេជានិច្ច។
Ronaldo ផ្លាស់ទៅលេងនៅ Juventus បានធ្វើឱ្យកីឡាករក្នុងក្លឹបនៅអ៊ីតាលីនេះ គោរពស្រលាញ់ខ្លាំងមែនទែន។ ថ្ងៃដំបូងរបស់រូបគេនៅទីនោះ ទទួលបានការរាក់ទាក់យ៉ាងខ្លាំងពីសំណាក់មិត្តរួមក្រុម។ ក្រោយពីបានហ្វឹកហាត់ជាមួយគ្នាប៉ុន្មានថ្ងៃ Douglas Costa សមាជិកក្រុមសេះបង្កង់មួយរួបបាននិយាយចំពោះ Ronaldo ថាជាកីឡាករម៉ាស៊ីន ហ្វឹកហាត់លើសគេឯង និងពិតជាខំប្រឹងខ្លាំងមែនទែន។
“ជាពិតជារឿងមិនអាចទៅរួចទេ បើអ្នកចង់ធ្វើឱ្យដូច Ronaldo នោះ។ អំឡុងពេលហ្វឹកហាត់ ពេលយើងមកដល់ គាត់បានហ្វឹកហាត់ម្នាក់ឯងបាត់ទៅហើយ ហើយពេលយើងត្រលប់ទៅផ្ទះវិញ គាត់បានបន្ដហ្វឹកហាត់ម្នាក់ឯង។ ខ្ញុំមិនដែលឃើញកីឡាករណាអីចឹងនោះទេ។ គ្មាននរណាធ្វើដូចគាត់ឡើយ”។ សម្ដីរបស់ Costa ។
Ronaldo វ័យ៣៣ឆ្នាំហើយ ប៉ុន្តែក្រុមគ្រូពេទ្យពិនិត្យសុខភាពរបស់គេនៅក្លឹប Juventus បានបញ្ជាក់ថាក្នុងខ្លួនកីឡាកររូបនេះមានជាតិខ្លាញ់តែ៧%ប៉ុណ្ណោះ។ ក្រៅពីនោះគឺជាសាច់ដុំ ហើយកម្លាំងរបស់គេវិញ ប្រៀបបានទៅនឹងកីឡាករវ័យ២០ឆ្នាំអីចឹង៕ប្រភព៖ Sportbible