តាមរយៈការបង្ហោះពីទំព័រផ្លូវការរបស់ក្លឹបបាល់ទាត់បឹងកេតនៅរសៀលថ្ងៃទី ៦ វិច្ឆិកា ឆ្នាំ ២០២០ បានបង្ហាញពីលិខិតអបអរសាទរការឈ្នះជើងឯកលីគកំពូលពីប្រមុខ FIFA តាមរយៈឯកឧត្ដម សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា។
ក្នុងលិខិតនោះគឺមានការចុះហត្ថលេខាពីប្រធានសមាគមបាល់ទាត់ពិភពលោក FIFA គឺលោក Gianni Infantino ដោយមានអត្ថន័យជាភាសាខ្មែរ៖ “សូមអនុញ្ញាតឲ្យខ្ញុំ បង្ហាញការអបអរសាទរដល់ក្លឹប Boeung Ket FC ដែលបានឈ្នះពានលីគកំពូលកម្ពុជាប្រចាំឆ្នាំ ២០២០ ក្រោយខកខានឈ្នះតាំងពីឆ្នាំ ២០១៧”។
ក្នុងលិខិតនោះបន្ត៖ “ពានរង្វាន់នេះគឺជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងនិង សេចក្ដីប្ដេជ្ញាចិត្ត ហើយអ្នករាល់គ្នានៅក្នុងក្លឹបពិតជានឹងមានមោទនភាពសម្រាប់ជោគជ័យនេះ ហើយខ្ញុំសូមចូលរួមអបអរ និងលើកទឹកចិត្តឲ្យអ្នករាល់គ្នា បន្តការខិតខំប្រឹងប្រែងបន្ថែមទៀតទៅថ្ងៃអនាគត”។
“ក្នុងនាមជាសមាគមបាល់ទាត់អន្តរជាតិ ខ្ញុំចង់ឆ្លៀតឱកាសនេះអរគុណដល់សហព័ន្ធបាល់ទាត់របស់អ្នក ដែលបានលះបង់ចូលរួមអភិវឌ្ឍបាល់ទាត់ក្នុងប្រទេសកម្ពុជា ក្នុងតំបន់របស់អ្នក និងជុំវិញពិភពលោក”៕
ប្រភព៖ FIFA | រូបភាព៖ ក្លឹបបាល់ទាត់បឹងកេត



