Timofey Nastyukhin ​រំពឹង​​ថា​ការ​ប្រកួត​ជក់ចិត្ត​​ខ្លាំង​ពេល​ជួប ​Pieter Buist

ONE Championship ​បន្ត​​សកម្មភាព​ប្រកួត​របស់​ខ្លួន​​​​នា​ថ្ងៃ​សុក្រ​ទី​ ៦ ​ខែ​ វិច្ឆិកា​ នេះ​​​​​​។​ Timofey Nastyukhin ​​សំលៀង​ស្នៀត​​ឡើង​ជួប​គូ​ប្រជែង​ខ្លាំង​នៅ​ព្រឹត្តិការណ៍​ ONE: INSIDE THE MATRIX II។ ​នា​យប់​​​នោះ​​អ្នក​ជំនាញ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​មក​ពី​​រុស្សី​​ប្រឈម​នឹង​​​គូ​ប្រជែង​លំដាប់​ទី៣​ ​ទម្ងន់​​ lightweight ​កីឡាករ​  Pieter “The Archangel” Buist។ ​អ្នក​ឈ្នះ​​​ពី​ការ​ប្រកួត​នឹង​អាច​នឹង​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Lightweight ​ពី​​​​កូន​កាត់​សិង្ហបុរី​-​អាមេរិក​ Christian “The Warrior” Lee

Nastyukhin ​ខកខាន​ឡើង​ប្រកួត​រហូត​ដល់​ ១៨​ ​ខែ​ ​ក្រោយ​ផ្ដួល​វីរបុរស​​គុន​ចម្រុះ​  “The Underground King” Eddie Alvarez ប៉ុន្តែ​ ​រូប​គេ​ជឿ​ជាក់​ថា​ ​ការ​សម្រាក​រយៈ​ពេល​យូរ​ក៏​នៅ​​តែ​ជា​គុណសម្បត្តិ​មួយ​​ដែរ។
ក្រោយ​​ផ្ដួល​ Alvarez ​ឲ្យ​សន្លប់​នៅ​ទឹក​ទី​១​ ​ជើង​ខ្លាំង​រុស្សី​ ​​ក៏​បាន​​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​​នៃ​កម្មវិធី​ ONE Lightweight World Grand Prix ​កាល​ខែ​ សីហា​ ឆ្នាំ ​២០១៩​ ផង​ដែរ។ ​​ប៉ុន្តែ ​គ្រា​នោះ​ត្រឹម​​​ប៉ុន្មាន​​ថ្ងៃ​មុន​ការ​ប្រកួត​មក​ដល់​ ​ គេ​ក៏​រង​របួស​ជង្គង់​ស្ដាំ​​ដែល​មិន​​​​អាច​ឡើង​ប្រកួត​បាន។

Nastyukhin​ បាន​រម្លឹក​ថា​ ៖«​​មុន​ពេល​​ត្រៀម​ជួប​​ Banario​ រយៈ​ពេល ១ សប្ដាហ៍​ ខ្ញុំ​បាន​​រហែក​​សរសៃ​​ជង្គង់​ និង​ ត្រូវ​​ចាក​ចេញ​ពី​ [​ប្រទេស​ថៃ] ​ទៅ​កាន់​ប្រទេស​រុស្សី​​វិញ​ដើម្បី​វះកាត់។ ​ ​វា​​ដំណើរ​ការ​ល្អ​​ ហើយ​ខ្ញុំ​បាន​​​ត្រលប់​មក​ហ្វឹកហាត់​វិញ​​បន្ទាប់​ពី​សម្រាក​ព្យាបាល​រយៈ​ពេល​ ៣ ​ខែ​ ។​ ​​​​តាម​ពិត​ទៅ​ ខ្ញុំ​​អាច​ប្រកួត​បាន​តាំង​ខែ​ មករា​ ​​ម៉្លេះ»។

Timofey Nastyukhin knees Koji Ando

Nastyukhin​ មាន​ផែន​ការ​ត្រលប់​មក​វិញ​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​ មិន​បាន​ឡើង​សង្វៀន​ដោយ​សារ​តែ​មេរោគ​​កូវីដ-១៩​ មក​​យាយី។ ​
ទោះ​ជា​ខក​ចិត្ត​ក្នុង​ការ​ឡើង​សង្វៀន​​ បុរស​មក​ពី​​ Novokuznetsk ​​​​មាន​​ឱកាស​​សម្រាក​ព្យាបាល​យ៉ាង​ល្អ ​និង​​​មាន​ពេល​វេលា​ដ៏​មាន​តម្លៃ​ជា​​មួយ​​ប្រពន្ធ​ ​និង​​​​កូន​ស្រី​របស់​ខ្លួន។

«​​ខ្ញុំ​បាន​ចំណាយ​ពេល​ច្រើន​​ជា​មួយ​គ្រួសារ​ និង​សម្រាក​បាន​ច្រើន។ ​រាងកាយ​របស់​ខ្ញុំ​​​បាន​ជាសះស្បើយ​ ​១០០%។ ​​ អ្នក​អាច​ឃើញ​ចំណុច​វិជ្ជមាន​អំឡុង​ពេល​សម្រាក។​ ​ឥឡូវ​នេះ​ ​ខ្ញុំ​ត្រៀម​រួចរាល់​​​ដើម្បី​ត្រលប់​មក​វិញ​ហើយ។​ ខ្ញុំ​ស្រេកឃ្លាន​នឹង​ជ័យជម្នះ​ និង​ ​ខ្ញុំ​មាន​សុខភាព​មាំមួន»។ ​ Nastyukhin ​​ ថ្លែង​បែប​នេះ។

Nastyukhin ​ជា​កីឡាករ​ស្ថិត​នៅ​​លំដាប់​ទី​៤​​ក្នុង​ប្រភេទ​ទម្ងន់​ lightweight។​ ​គេ​​​តាំង​ចិត្ត​នឹង​ធ្វើ​ឲ្យ​កក្រើក​នៅ​សង្វៀន​ INSIDE THE MATRIX ​ឯ​ប្រទេស​សិង្ហបុរី។ ​លើស​ពី​នេះ​ទៅ​ទៀត​ ​បុរស​វ័យ​ ៣០ ​ឆ្នាំ​ សន្យា​ថា​ ជំនួប​ទល់​នឹង​ Buist ​ច្បាស់​ជា​​​រំជើបរំជួល​ដល់​អ្នក​គាំទ្រ​ជាក់​ជា​មិន​ខាន។

កីឡាករ​គូ​ប្រជែង​សញ្ជាតិ​ហូឡង់​ដែល​មាន​​​​កម្ពស់​មាន​ប្រៀប​ ១៣​ សង់ទីម៉ែត្រ​ ​​បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ដោយ​ឈ្នះ​ ៣​ ​​​ដង​នៅ​សង្វៀន​លំដាប់​ពិភព​លោក​មួយ​នេះ​ រួម​បញ្ចូល​ទាំង​ ​ជ័យជម្នះ​​លើ​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​  Eduard “Landslide” Folayang កាល​ខែ មករា កន្លង​ទៅ។

ជ័យជម្នះ​របស់ Buist ​កើត​ឡើង​ពី​​ជំនាញ​ប្រយុទ្ធ​ដ៏​ល្អ​ ​ជា​ពិសេស​​គេ​​អាច​ប្រើ​ស្នៀត​ទាត់​ជើង​​​ទល់​នឹង​Nastyukhin​ បាន​។ ​​«​មួយ​រយ​ភាគ​រយ​ ​​ផែន​ការ​របស់​គេ​ ​​នឹង​រក្សា​ការ​ប្រយុទ្ធ​​ដោយ​ប្រើ​ជើង​ និង ​ប្រយុទ្ធ​ដោយ​ជំហរ​ »។ ​​កីឡាករ​រុស្សី​​បាន​បញ្ជាក់​ដូច្នេះ។ ​

ទោះ​ Nastyukhin​ មាន​ជំនាញ​ប្រយុទ្ធ​យ៉ាង​គឃ្លើន​​ ​​ដែល​នាំ​ឲ្យ​ឈ្នះ​ Folayang និង​ ​ Alvarez ​ក៏​​ដូច​ជា​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​លឿន​បំផុត​​ក្នុង​ប្រវត្តិ​​សាស្ត្រ​របស់​ ONE ​​គេ​មិន​រំពឹង​ថា​ងាយ​ស្រួល​ឡើយ​ពេល​​​ប៉ះ​ Buist។

Russian MMA fighter Timofey Nastyukhin catches a kick and throws a punch

បុរស​សញ្ជាតិ​ហូឡង់​ធ្លាប់​ឈ្នះ​ ៨៦ ​​ដង​ក្នុង​ក្បាច់​គុន​​មួយ​ថៃ​ ​និង​ឈ្នះ​ ១៧​ ដង​ក្នុង​​​ការ​ប្រកួត​គុន​ចម្រុះ​​ដូច្នេះ​គេ​មាន​ជំនាញ​ប្រកួត​​ក្នុង​ជំហរ​បាន​យ៉ាង​ល្អ​​​ ​​ដែល​ទទួល​បាន​ការ​សរសើរ​ពី​សំណាក់​​គូ​ប្រជែង​ Nastyukhin។ ​

Nastyukhin ​​បាន​បញ្ចេញ​ទស្សនៈ​លើ​ Buist​ ​បែប​នេះ ​៖«​គូ​បដិបក្ខ​របស់​ខ្ញុំ​​ពូកែ​ខាង​ក្បាច់​ប្រយុទ្ធ​​ពី​ចម្ងាយ ​,​ ​ជំនាញ​ទាត់​ ជង្គង់​ និង​ ​​​លឿន​រហ័ស។​ ​ការ​ប្រកួត​របស់​គេ​ជា​មួយ​ Folayang ​ពិត​ជា​ល្អ​ណាស់​ ហើយ​ Buist គ្រប់គ្រង​​ស្ថានការណ៍​ល្អ​ដើម្បី​ទទួល​ជ័យជម្នះ»។

អ្នក​ជំនាញ​គុន​ចម្រុះ​ដដែល​ ​​​​បញ្ជាក់​បន្ថែម​ ​៖«​ខ្ញុំ​បាន​សិក្សា​អំពី​ និង​ ​​ធ្វើ​ការងារ​ច្រើន​​​​ដែល​ឡាំ​គ្នា​​ត្រៀម​​ជា​មួយ​ដៃ​គូ​របស់​ខ្ញុំ។ ​ខ្ញុំ​​ហ្វឹកហាត់​ច្រើន​នៅ​ Dagestan ​ជា​មួយ​ដៃ​គូ​ផ្សេង​គ្នា​​ដោយ​ត្រៀម​ [ ​ស្ទិល​ប្រកួត​នឹង​ Buist]។​ ​​គេ​រហ័ស​ វៃ​ចេញ​លឿន​ និង​ ​បទ​ពិសោធន៍​ប្រយុទ្ធ​​ល្អ​ដែល​ជា​ចំណុច​ខ្លាំង។ ​​ខ្ញុំ​​គួរ​ផ្ដោត​ខ្លាំង​លើ​ចំណុច​ទាំង​នេះ»។

Timofey Nastyuhin celebrateshis big victory over Eddie Alvarez

វា​ពិបាក​​ស្មាន​ណាស់​នៅ​ថ្ងៃ​សុក្រ​នេះ។ ​ប៉ុន្តែ​ Nastyukhin ​​ធានា​ថា​ គេ​មាន​​ល្បិច​ដើម្បី​​ទប់​នឹង​ Buist ។ ​«​​ខ្ញុំ​មិន​ដែល​​​​​ព្យាករ​​លទ្ធផល​​ទេ​ ប៉ុន្តែ​ ​​​វា​​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​វៃ​ឆ្លាត​មួយ​, ការ​ប្រកួត​ប្រកប​ដោយ​បច្ចេកទេស។ ​យើង​ទាំង​ពីរ​កំពុង​រង់​ចាំ​ថ្ងៃ​មក​ដល់»។

បើ​សិន​​ទទួល​បាន​​ចន្លោះ​ប្រហោង​​ដើម្បី​វាយ​ប្រហារ​ ​ ​Nastyukhin​ ច្បាស់​​ចូល​យ៉ាង​គឃ្លើន​, ​​ល្បឿន​​លឿន, ​និង​​ប្រើ​កម្លាំង​​មហាសាល​​ដើម្បី​បញ្ចប់​ដៃ​គូ​មិន​ខាន។ ​​​កីឡាករ​រុស្សី​ដាក់​គោល​ដៅ​​ទទួល​ជ័យជម្នះ​ដើម្បី​​​នាំ​​ផ្លូវ​​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Lightweight។ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT