ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានបញ្ចេញបញ្ជីឈ្មោះរបស់ខ្លួនដើម្បីត្រៀមប្រកួតនៅពេលខាងមុខនេះហើយ ដោយក្នុងនោះក៏មានខ្សែបម្រើប្រយុទ្ធ Phil Foden ផងដែរ។
Foden និង Greenwood ត្រូវបានលោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសដកឈ្មោះចេញកាលពីពេលកន្លងទៅ បន្ទាប់ពីធ្លាយរឿងពួកគេណាត់នារីអ៊ីស្លង់ឡើងសណ្ឋាគារ។ តែដោយសារ Foden នៅតែបង្ហាញទម្រង់លេងល្អនៅក្រុមអាជីព Man City និងបានចេញមុខសុំទោស ទទួលខុសត្រូវរឿងកន្លងមក ទើបពេលនេះរូបគេត្រូវបានលោក Southgate កោះហៅចូលក្រុមវិញហើយ។
ដោយឡែក Greenwood នៅមិនទាន់មានឈ្មោះទេ ដោយសារតែរូបគេធ្វើមិនបានល្អសោះប៉ុន្មានប្រកួតមកនេះនៅក្លឹប Man Utd ។ នៅសប្ដាហ៍ខាងមុខនេះ ក្រុមជម្រើសជាតិអង់គ្លេសនឹងមានការប្រកួត៣ប្រកួត ដោយប៉ះជាមួយក្រុមសាធារណរដ្ឋអៀរឡង់ បែលហ្ស៊ិក និងអ៊ីស្លង់៕
ប្រភព៖ DailyMail