ក្លឹបយក្សអេស្ប៉ាញ Real Madrid ត្រូវបានគេរាយការណ៍ថា អាចនឹងបាត់បង់កីឡាករសំខាន់ ២ រូប នៅកំឡុងទីផ្សារដោះដូររដូវរងា ខែមករា ឆ្នាំ ២០២១ ខាងមុខ។ នោះគឺ Luka Jovic និង Isco ដែលសុទ្ធតែកីឡាករស្ថិតក្រៅជម្រើសរបស់អ្នកចាត់ការលោក Zinedine Zidane។
សម្រាប់ Isco តាមដំណឹងល្ហៀងៗ ថាចង់ផ្ទេរទៅ Everton ដើរតាមគន្លងរបស់មិត្តចាស់ James Rodriguez ប៉ុន្តែផ្ទេរត្រឹមលក្ខខណ្ឌខ្ចីជើង ដើម្បីចាំមើលស្ថានភាពនៅបញ្ចប់រដូវកាលសិន។ យ៉ាងណាមិញលោក Carlo Ancelotti ក៏បង្ហើប កាលពីថ្ងៃមុនដែរថា Isco ជាកីឡាករល្អនិងមានអនុស្សាវរីយ៍ច្រើនជាមួយលោក តែរឿងចង់យកមកក្លឹប Everton ឬអត់ លោកមិនទាន់និយាយនោះទេ។
ដោយឡែកសម្រាប់ Jovic ដែលធ្លាក់ទម្រង់លេងនៅរយៈពេលចុងក្រោយ ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបនៅអ៊ីតាលី រួមមាន AC Milaនិង Napoli។ កីឡាករស៊ែប៊ីត្រូវបាន Real ទិញយកមកក្នុងតម្លៃ ៥២,៤ លានផោន ហើយទើបរកបាន ២ គ្រាប់ប៉ុណ្ណោះ នៅ ៣១ ប្រកួតជាមួយ Los Blancos៕
ប្រភព៖ Sportskeeda


