លោកគឹម ភក្តី តែងតាំងជាគ្រូបង្គោលផ្លូវការរបស់ក្លិបបាល់ទាត់បឹងកេតផ្លូវការ

ក្លិបបាល់ទាត់បឹងកេត បានប្រកាសអំពីការតែងតាំងលោក គឹម ភក្តី ជាគ្រូបង្គោលផ្លូវការ ចាប់ពីពេលនេះតទៅ បន្ទាប់ពីលោកគ្រូបានដឹកនាំក្រុមទទួលបានលទ្ធផលយ៉ាងល្អក្នុងរដូវកាល ២០២០កន្លងទៅនេះ ។

លោក បែ មករា អគ្គលេខាធិការបស់ក្លិប បានបកស្រាយអំពីការតែងតាំងនេះថា៖ “ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្លិប យើងពិតជាមានមោទកភាពចំពោះអ្វីដែលលោកគ្រូ ភក្តី បានធ្វើកន្លងមកជាមួយក្លិប ពិតណាស់គាត់បានដឹកនាំបឹងកេតឱ្យឈ្នះពានលីគកំពូលកម្ពុជា រដូវកាល ២០២០ និងជាលើកទី៤ក្នុងប្រវត្តិសាស្រ្តក្លិប ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់គាត់ យើងបានបញ្ចប់រដូវកាលដោយមិនស្គាល់បរាជ័យទាល់តែសោះ ” ។

 “ ដោយមើលឃើញអំពីស្នាដៃរបស់គាត់ និងផែនការរៀបចំក្រុមរបស់គាត់ ស្របទៅតាមចក្ខុវិស័យរបស់ក្លិប ដែលផ្តោតទៅលើការអភិវឌ្ឍជាចម្បង ទើបយើងសម្រេចផ្តល់តួនាទីនេះទៅឱ្យគាត់ផ្លូវការតែម្តង ” ។

គួររំលឹកថា លោក គឹម ភក្តី បានចូលកាន់តួនាទីជាគ្រូបង្គោលបណ្តោះអាសន្ន ចាប់តាំងពីសប្តាហ៍ទី ៦ កន្លងមក ហើយបានឈ្នះពានគ្រូបង្វឹកឆ្នើមល្អដាច់គេ ប្រចាំខែ កក្កដា និង សីហា និងក្រសោបបានពានគ្រូបង្វឹកល្អជាងគេប្រចាំរដូវកាល ២០២០ថែមទៀតផង។លើសពីនេះទៅទៀត លោក ក៏ធ្លាប់ស្ថិតក្នុងក្រុមការងារបច្ចេកទេស ដែលជួយឱ្យបឹងកេត គ្រងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិបទៀតផង កាលពីឆ្នាំ ២០១៩ ដែលលោកបានចូលមកបំពេញការងារនៅទីនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT