ស្វាគមន៍​សមាជិក​ថ្មី! តារា​ចម្រៀង​លោក ម៉ៅ ហាជី និង ដា ភ្លេង​ ប្រកាស​ចូលរួម​ជាមួយ CFA

ក្រុម​បាល់ទាត់​ Cambodian Fan Club All Stars ឬ​ហៅ​កាត់ CFA ថ្មីៗ​នេះ​ទើប​តែ​ប្រកាសដំណឹង​ល្អ​មួយ ជុំវិញ​ការ​មក​ដល់​នូវ​សមាជិក​ថ្មី​ដែល​ជា​​តារា​ចម្រៀង​ល្បី​ឈ្មោះ​ប្រចាំ​ផលិតកម្ម Town រួម​មាន​លោក ម៉ៅ ហាជី និង ដា ភ្លេង។

តារាចម្រៀងទាំង​ពីរ​រូប​ខាង​លើ នឹង​ចូលរួម​ជា​កីឡាករ​កិត្តិយស​នូវ​គ្រប់​សកម្មភាព​របស់​ក្រុម​បាល់ទាត់ CFA និង​ជា​ពិសេស​គឺ​កម្មវិធី​តន្ត្រី ក៏​ដូច​ជា​ការ​ប្រកួត​បាល់ទាត់​សប្បុរសធម៌​តាម​បណ្តា​ខេត្ត/ក្រុង​នានា ដើម្បី​ជួយ​ដល់​ជន​ខ្វះខាត។

បើ​តាម​ការ​បង្ហើប​ពី​អ្នក​តំណាង​ក្រុម CFA លោក អៃ សំអូន បាន​ឲ្យ​ដឹង​ថា៖ “គម្រោង​ការងារ​សប្បុរសធម៌​នា​ពេល​បន្ទាប់ គ្រោង​ធ្វើ​ឡើង​នៅ​ខេត្ត​កោះកុង និង​ខេត្ត​សៀមរាប​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​ក៏​នឹង​មាន​វត្តមាន​សិល្បករ​ទាំង​ពីរ​រូប​ខាង​លើ​ចូលរួម​ផង​ដែរ”។

បញ្ជាក់​ដែរ​ថា លោក ម៉ៅ ហាជី បានទទួលចំណាត់ថ្នាក់លេខ ២ ក្នុង​កម្មវិធី​លំដាប់​ពិភពលោក Cambodian Idol រដូវ​កាល​ទី ១ ហើយកន្លងមកទទួលបានការ​គាំទ្រ​ខ្លាំង​ពី​មហាជន​តាម​រយៈ​ការ Cover បទ “ស្ទឹង​សម្ងាត់” និង “រំដួលដងស្ទឹងសង្កែ” ​ដែល​មាន​ការ​ចុច​ទស្សនាខ្ទង់លានដងលើ​ប្រព័ន្ធ YouTube។

រី​ឯ ដា ភ្លេង ដែល​ជា​ម្ចាស់​បទ “នឹក​នា” និង “អារម្មណ៍​សល់” មានបង្កប់អត្ថន័យចាក់ចំបេះដូងយុវវ័យ ក៏ផ្ទុះការចាប់អារម្មណ៍ខ្លាំងផងដែរ ហើយ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​លោក​បាន​បង្ហើប​ថា​ គ្រោង​នឹង​ត្រៀម​ចេញ​បទ​ថ្មី​មួយ​ទៀត​គឺ “ស្រា​ជា​មិត្ត”៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT