ភ្នំពេញក្រោនតែងតាំងបុរសម្នាក់កាន់អាជ្ញាប័ណ្ឌ C-License ជាគ្រូបង្វឹកថ្មីក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ

ក្លិបបាល់​ទាត់​ភ្នំពេញ​ក្រោន​បាន​សម្រេច​តែងតាំង​លោក ណាំ ប៊ុនណេង​ជា​គ្រូប​ង្វឹក​ក្រុម​ U-15 របស់​ក្លិប​ ដើម្បី​មក​ជំនួសលោក ម៉ែន ពិភព ដែលចាកចេញពីតួនាទីជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ (បច្ចុប្បន្ន U18)ទៅក្លិប​អង្គរថាយហ្គ័រ។

លោក ណាំ ប៊ុនណេងមានកម្រិតអាជ្ញាប័ណ្ណ C-License នឹងមានភារកិច្ចដំបូងត្រូវដឹកនាំក្រុមយុវជន ភ្នំពេញក្រោន ចូលរួមពានរង្វាន់ជម្រើសជើងឯកយុវជន អាយុក្រោម ១៨ឆ្នាំ រដូវកាល ២០២០-២១។ សម្រាប់ការប្រកួតបើកឆាក U18 ភ្នំពេញក្រោន នឹងត្រូវជួប U18 អាសុីអឺរ៉ុបយូណាយធីត នៅថ្ងៃទី ៨ វិច្ឆិកា នៅលើកីឡដ្ឋាន AEU Sport Park វេលាម៉ោង ៨ព្រឹក។

និយាយពេល​ឡើង​កាន់​តំណែង​នេះ​លោក​បង្ហាញអារម្មណ៍សប្បាយចិត្ត​និង​ប្ដេជ្ញាចិត្ត​ចំពោះ​តួនាទី​ជា​គ្រូបង្វឹកយុវជនក្លិប​ជោជ័យជាង​គេ​ក្នុង​ប្រទេស​កម្ពុជា។

“ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងរីករាយនៅពេលបានទទួលដំណឹងពី ភ្នំពេញក្រោន ដែលបានរួមចំណែកជាមួយគ្រួសារ ភ្នំពេញក្រោន។ សម្រាប់ចំណុចកែប្រែដំបូងនាពេលមកដល់ទីនេះ វិន័យ, លើកទឹកចិត្តកីឡាករ, ពង្រឹងឆន្ទ:កីឡាករ, ប្រព័ន្ធប្រកួតថ្មី ឬ ទម្រង់លេងថ្មី និង ពង្រឹងតំបន់ប្រយុទ្ធ”។

សម្រាប់ការប្រកួតពានរង្វាន់ U18 នាពេលខាងមុខនេះខ្ញុំមានការតាំងចិត្ត រុករកវិធីសាស្ត្រក្នុងការស្វែងរកលទ្ធផលល្អមួយដែលអស់ពីចិត្ត ទោះបីជាស្ថានភាពវ័យនៃកីឡាករខុសគ្នាក៏ដោយ ក៏ខ្ញុំមានសង្ឃឹមនឹងទទួលបានលទ្ធផលល្អមួយ។ សម្រាប់ការទាក់ទងគ្នានៅពេលមកដល់ក្លឹបរវាងខ្ញុំនឹងកីឡាករគឺមានមួយចំនួនធំ មានប្រាស្រ័យទាក់ទងគ្នាល្អជាមួយខ្ញុំល្អ យកចិត្តទុកដាក់នូវលំហាត់ដែលខ្ញុំដាក់ឲ្យពេលហ្វឹកហាត់”។

“ជាចុងក្រោយអ្វីដែលធ្វើឲ្យខ្ញុំសម្រេចចិត្តមកកាន់ទីនេះគឺ ខ្ញុំចង់ចូលរួមបណ្តុះបណ្តាលគំនិតឆន្ទ: និងចូលរួមអភិវឌ្ឍបាល់ទាត់ជាមួយ ភ្នំពេញក្រោន និងមួយវិញទៀតចង់អភិវឌ្ឍសមត្ថភាពរបស់ខ្ញុំជាមួយនឹងក្លឹប”។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT