Koeman៖ “ខ្ញុំ​មិន​យល់ស្រប​តាម Setien ថា Messi ពិបាក​បង្វឹក​នោះ​ទេ”

អ្នកចាត់ការ​បច្ចុប្បន្ន​របស់​ក្លឹប Barcelona លោក Ronald Koeman ថ្មីៗ​នេះ​បាន​ចេញ​មក​អារកាត់​នូវ​ពាក្យ​សម្តី​របស់​អតីត​អ្នកចាត់ការ​ចាស់​លោក Quique Setien ដែល​និយាយ​ថា Lionel Messi ជា​ប្រភេទ​កីឡាករ​ដែល​ពិបាក​បង្វឹក​ ហើយ​លោក​គ្មាន​សិទ្ធ​ផ្លាស់ប្តូរ​មនុស្ស​ដែល​មិន​អាច​ផ្លាស់ប្តូរ​បាន​នោះ​ទេ។

ឆ្លើយតប​នឹង​បញ្ហា​នេះ Koeman ក៏​និយាយ​ថា៖ “ខ្ញុំ​គោរព​នូវ​ពាក្យ​សម្តី​របស់ Setien តែ​ខ្ញុំ​មិន​យល់ស្រប​តាម​នោះ​ទេ ដោយ​ខ្ញុំ​រក​មិន​ឃើញ​ពី​ភាព​លំបាក​នៃ​ការ​បង្វឹក Messi ឡើយ ហើយ​ខ្ញុំ​ក៏​រមែង​និយាយ​ជាមួយ Leo រៀងរាល់​សប្តាហ៍​អំពី​ការ​លេង​លើ​ទីលាន​និង​ស្ថានភាព​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់ និយាយ​ទៅ​ខ្ញុំ​គ្មាន​គំនិត​ដែល​យល់​ឃើញ​ថា​គាត់​ពិបាក​ដឹកនាំ​ឡើយ”។

បញ្ជាក់​ថា M10 នា​រដូវ​កាល​ ២០២០/២១ នេះ ហាក់​គ្រាំគ្រា​ខ្លាំង​ទាំង​ក្នុង​និង​ក្រៅ​ទីលាន ដោយ​មុន​ពេល Bartomeu ចាកចេញ លោក​ប៉ះទង្គិច​ផ្លូវចិត្ត​រឿង​ចង់​ចាកចេញ​ម្តង ហើយ​ឥឡូវ​ការ​លេង​លើ​ទីលាន​ក៏​ចុះ​ថយ ដោយ​ទើប​រក​បាន ៣ គ្រាប់​និង Assist ២ លើក​ប៉ុណ្ណោះ​នៅ ៨ ប្រកួត​សរុប៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT