ក្លឹបស្តេចស Real Madrid បានប្រកាសមុននេះ ថាកីឡាករ Eder Militao បានតេស្តឃើញលទ្ធផលវិជ្ជមាន មានផ្ទុកជំងឺ COVID-19 ហើយត្រូវបានដកឈ្មោះចេញពីបញ្ជីឈ្មោះក្រុមជាបណ្តោះអាសន្ន។
Militao គេកំពុងស្ថិតនៅដាច់ដោយឡែក ដើម្បីឃ្លាំមើលស្ថានភាពជំងឺបន្ត ហើយគេនឹងត្រូវខកខានការប្រកួតក្នុងពេលខាងមុខ មានដូចជាការលេងទល់ Inter Milan នៅ UCL និងការប៉ះ Valencia នៅជុំទី ១១ ក្នុងក្របខ័ណ្ឌ LaLiga។
បញ្ជាក់ថា Real នឹងត្រូវតតាំង Inter ក្នុងទឹកដីប្រទេសអេស្ប៉ាញ នាវេលាម៉ោង ០៣:០០ នាទីព្រឹកថ្ងៃពុធ មានផ្សាយផ្ទាល់លើទំព័រ CTS Sports។ ប៉ុន្តែចំពោះអវត្តមានរបស់ Militao អាចថាមិនសូវជាបញ្ហាសម្រាប់ក្រុមរបស់ Zidane នោះទេ ព្រោះជាក់ស្តែងគេក៏ស្ថិតក្រៅជម្រើសស្រាប់ ដោយរដូវកាលនេះទើបបង្ហាញខ្លួនបាន ៣ លើកប៉ុណ្ណោះ។
ជាទូទៅស្ថានភាពជំងឺ COVID-19 អាចនឹងត្រូវប្រើពេលជាង ២ សប្តាហ៍ បែបនេះអតីតកីឡាករ Porto ទំនងជាអាចវិលត្រលប់មកវិញក្រោយបញ្ចប់ International Break ហើយមកចូលរួមការប្រកួតទល់ Villarreal នៅថ្ងៃទី ២១ វិច្ឆិកាវិញ៕
ប្រភព៖ BeSoccer



