ការប្រកួតកីឡាប៉េតង់ពានរង្វាន់ «គរុគុណ» ដាក់វិញ្ញសា៨ប្រភេទត្រូវប្រកួតចុង​សប្ដាហ៍​នេះ

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានរៀបចំសន្និ សីទសារព័ត៌មាន កាលពីល្ងាចថ្ងៃអាទិត្យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ស្តីពីការប្រកួតកីឡាប៉េតង់ ពានរង្វាន់ «គរុគុណ» លើកទី១ ឆ្នាំ២០២០ នៅទីលានសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលគ្រោងនឹងចាប់ផ្តើមជាផ្លូវការ ពីថ្ងៃទី​០៦​ដល់​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប៉េតង់ «គរុគុណ» លើកទី១ ឆ្នាំ២០២០នេះត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងរម្លឹកនូវគុណូបការៈដ៏ធំធេងជូនដល់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាប្រធានកិត្តិយសសហព័ន្ធ និងសម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន ព្រមទាំងអតីតថ្នាក់ដឹកនាំជាច្រើនរូបទៀត ដែលបានលះបង់នូវកម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃ ខិតខំប្រឹងប្រែងដឹកនាំកីឡាប៊ូល និងប៉េតង់កម្ពុជា រហូតទទួលបានភាពល្បីល្បាញ និងការកោតសរសើរទាំងថ្នាក់ជាតិ និងពិភពលោក។ បច្ចុប្បន្ន ប៊ូល និងប៉េតង់ ជាកីឡាមួយប្រភេទ ដែលទទួលបានការចាប់អារម្មណ៍ និងការគាំទ្រពីសាធារណៈ គ្រប់ស្រទាប់វណ្ណៈ ព្រមទាំងមានសក្តានុពលក្នុងការដណ្តើមយកនូវមេដាយជូនជាតិមាតុភូមិ ដែលនេះទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ អង្គការសង្គមកីឡា សប្បុរសជន និងដៃគូអភិវឌ្ឍន៍វិស័យកីឡានេះផងដែរ។

ឯកឧត្តមប្រធានសហព័ន្ធរូបនេះបន្ថែមថា ការប្រកួតកីឡាប៉េតង់ពានរង្វាន់ «គរុគុណ» ទទួលបានការផ្តួចផ្តើមគំនិត និងចំណាយថវិកាលើការរៀបចំពីសំណាក់ក្រុមគ្រួសាររបស់សម្តេចក្រឡា ហោម ស ខេង និងក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន ដោយមិនប្រើប្រាស់ថវិការបស់សហព័ន្ធ ឬថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាប្រចាំឆ្នាំនោះឡើយ។ ពានរង្វាន់ប៉េតង់ «គរុគុណ» ធ្វើឡើងក្នុងអត្ថន័យរម្លឹកដល់គុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ថ្នាក់ដឹកនាំជំនាន់មុន ផ្ដល់ឱកាសដល់សមាគម ក្លិបអាចចូលរួមប្រកួតប្រជែងសមត្ថភាព បច្ចេកទេស និងទទួលយកនូវបទពិសោធន៍ក្នុងការរៀបចំប្រកួត និងបទបញ្ជាថ្មីៗ។ ទន្ទឹមនឹងនេះ បង្កើននូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសហព័ន្ធ និងសមាគម ក្លិប ទៀតផង។ ជាមួយគ្នានោះ តាមរយៈព្រឹត្តិការណ៍ថ្មីនេះនឹងក្លាយជាវេទិកាសម្រាប់កីឡាករ កីឡាការិនីអាចប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែង ដើម្បីបង្ហាញអំពីសក្តានុពល និងទេពកោសល្យ ដែលទទួលបានឱកាសចូលរួមប្រមូលផ្តុំជាក្រុមជម្រើសជាតិ យុវជន ឬថ្នាល នាឆ្នាំបន្តបន្ទាប់។

ឯកឧត្តម ស សុខា បានរម្លឹកថា កម្ពុជាទើបនឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាប៉េតង់ជើងឯកយុវជន និងនារីជើងឯកភិភពលោក លើកទី១៧ កាលពីឆ្នាំ២០១៩ ប្រកបដោយភាពជោគជ័យ។ ដោយឯកឧត្តមចាត់ទុកថា ទាំងអស់នេះគឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់សហព័ន្ធកីឡាប៊ូល និងប៉េតងកម្ពុជា ដែលកំពុងដើរតួរនាទីយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

ឯកឧត្តម​ សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានលើកឡើងដែរថា ការប្រកួតនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងពហុកីឡដ្ឋានជាតិ ដោយបានកំណត់វិញ្ញាសាប្រកួតចំនួន៨ ដូចជាវិញ្ញាសា បុរស-នារី ៣ទល់៣, យុវជន ៣ទល់៣ ក្រោម១៨ឆ្នាំ, យុវនារី ២ទល់២ ក្រោម១៨ឆ្នាំ, វ័យចាស់ ៣ទល់៣, យុវជន-យុវនារី ១ទល់១ ក្រោម១៥ឆ្នាំ និងវិញ្ញាសាសមាគម។ គិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ការដាក់ពាក្យចូលរួមប្រកួតសរុប ១៦ រាជធានី-ខេត្ត សមាគម-ក្លិបចំនួន ៥៥ សរុប ៤៧៨នាក់ ប្រតិភូដឹកចំនួន ៤១នាក់ គ្រូបង្វឹក ៥១នាក់ កីឡាករ កីឡាការិនី ៣៨៦នាក់ (កីឡាការិនី ១០០នាក់) ការឆាប់ពូលប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT