ហេតុអ្វី​ឲ្យ​តែ​ថ្ងៃ​ទី ១ ​វិច្ឆិកា បណ្តា​កីឡាករ​នៅ PL រមែង​ពាក់​អាវ​ដែល​មាន​ប៉ាក់​រូប​ផ្កា?

ក្លឹប Manchester City និង​ក្លឹប Arsenal គឺ​ស្ថិត​ក្នុង​ចំណោម​ក្លឹប​ជា​ច្រើន​នៅ Premier League ដែល​បាន​ផ្លាស់ប្តូរ Profile Picture ​មាន​ភ្ជាប់​រូប​ផ្កា​ពណ៌​ក្រហម​កាល​ពី​ថ្ងៃ​ទី ១ ​វិច្ឆិកា ឆ្នាំ ២០២០។ អ្វី​ដែល​ពិសេស​ទៅ​ទៀត​នោះ វា​ក៏​បាន​រំលេច​នៅ​លើ​អាវ​របស់​កីឡាករ​ក្នុង​ការ​ប្រកួត​សម្រាប់​លីគ​កំពូល​អង់គ្លេស​ផង​ដែរ។

តើ​នៅ​ពី​ក្រោយ​រូប​ផ្កា​មួយ​នេះ វា​មាន​អត្ថន័យ​បែប​ណា​ខ្លះ ហើយ​ហេតុអ្វី​មាន​កីឡាករ​មួយ​ភាគ​តូច​​សម្រេច​ចិត្ត​មិន​ព្រម​ធ្វើ​តាម?

និយាយ​ឲ្យ​សាមញ្ញ​ទៅ វា​គឺ​ជា​ទំនៀមទម្លាប់​របស់​ក្លឹប​នៅ Premier League ទាំង​អស់ ដែល​ត្រូវ​ប៉ាក់​រូបផ្កា​នៅ​លើ​អាវ​របស់​ពួក​គេ​បែប​នេះ ​រៀងរាល់​ថ្ងៃ​ទី ​១ ​វិច្ឆិកា តាំង​ពី​ឆ្នាំ ២០១២ គឺ​ដើម្បី​បង្ហាញ​ពី​ការ​រំឭក​ដល់ <<ទិវា​នៃ​ការ​ចងចាំ>>។ ចំពោះ​ទិវា​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​និង​ការ​លះបង់​អាយុ​ជីវិត​របស់​កងទ័ព​អង់គ្លេស ដែល​បាន​បំពេញ​កាតព្វកិច្ច​ជួយ​ជាតិ​ក្នុង​សង្រ្គាម​លោក​លើក​ទី ១ នៅ​តំបន់​អឺរ៉ុប​ខាង​ជើង ​នា​ចន្លោះ​ឆ្នាំ ១៩១៤ ដល់ ១៩១៨។

ប៉ុន្តែ​វា​ក៏​ជា​រឿង​ភ្ញាក់ផ្អើល ព្រោះ​មិនមែន​សុទ្ធ​តែ​កីឡាករ​ទាំង​អស់​ព្រម​ប៉ាក់​រូប​ផ្កា​មួយ​នោះ​លើ​អាវ​របស់​ពួក​គេ​នោះ​ទេ។ ហេតុផល​គឺ​ដើម្បី​បង្ហាញ​ការ​គោរព​ដល់​ជាតិសាសន៍​របស់​ពួក​គេ​ដូច​គ្នា។

ជាក់ស្ដែង​ដូច​ជា​កីឡាករ James McClean មាន​សញ្ជាតិ​អៀរឡង់ ដែល​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​គេ​បាន​បដិសេធ​មិន​ធ្វើ​រឿង​ខាង​លើ ព្រោះ​តែ​កងទ័ព​អង់គ្លេស​ធ្លាប់​បាញ់​សម្លាប់​ជន​ស៊ីវិល​ក្នុង​ប្រទេស​របស់​ពួក​គេ​ស្លាប់​អស់ ២៨ នាក់​កាល​ពី​ឆ្នាំ​ ១៩៧២ ដោយសារ​តែ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ។

យ៉ាងណាមិញ​បើ​ទោះ​បី​ជា​កីឡាករ​មិន​យល់​ព្រម​អនុវត្ត​ទំនៀមទម្លាប់​ខាង​លើ​ក៏​ដោយ ក៏​សំណាក់​ក្លឹប​អាណាព្យាបាល​របស់​ពួក​គេ​មិន​ធ្វើ​ការ​ពិន័យ​អ្វី​នោះ​ដែរ ផ្ទុយ​ទៅ​វិញ​គឺ​យល់​ស្រប​តាម ព្រោះ​ម្នាក់ៗ​សុទ្ធ​តែ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះត្រង់​សម្រាប់​ជាតិសាសន៍​របស់​ពួក​គេ​ដូចៗ​គ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT