នរណា​ជា​ម្តាយ​របស់ Cristiano Jr? តើ​ឆ្នាំ​ណា​ទើប Ronaldo ព្រម​ប្រាប់​រឿង​ពិត​ទៅ​កូន​របស់​ខ្លួន?

Cristiano Ronaldo មាន​កូន​ក្នុង​បន្ទុក​ចំនួន ៤ នាក់ ហើយ​ក្នុង​ចំណោម​នោះ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​ស្គាល់​ច្បាស់​ពី​អត្តសញ្ញាណ​នៃ​ម្តាយ​បង្កើត​របស់​គេ នោះ​គឺ​កូន​ស្រី​តូច​មាន​អាយុ ២ ឆ្នាំ​ឈ្មោះ Alana Martina dos Santos Aveiro ​ដែល​ជា​កូន​បង្កើត​មិត្ត​ស្រី​បច្ចុប្បន្ន Georgina Rodriguez។

ដោយឡែក​កូន​ច្បង Cristiano Ronaldo Jr ដែល​មាន​អាយុ ១០ ឆ្នាំ និង​កូន​ភ្លោះ ២ រូប​ឯ​ទៀត​រួម​មាន Eva Maria Dos Santos និង Mateo Ronaldo ដែល​មាន​អាយុ ៣ ឆ្នាំ គឺ​មិន​មាន​នរណា​ដឹង​ពី​អត្តសញ្ញាណ​ច្បាស់លាស់​នៃ​ម្តាយ​របស់​ពួក​គេ​នោះ​ឡើយ។

ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណួរ​នៃ​ការ​ចង់​ដឹង​ពី​អ្នក​គាំទ្រ​របស់ Ronaldo ទំព័រ CTS Sports សូម​ធ្វើ​ការ​សង្ខេប​នូវ​ព័ត៌មាន​ខ្លះៗ​ដែល​ពាក់ព័ន្ធ​នឹង​ម្តាយ​បង្កើត​របស់​កូន​ច្បង Jr ហើយ​ពី​ពេលវេលា​ច្បាស់លាស់​ដែល CR7 នឹង​ធ្វើ​ការ​ប្រកាស​ពី​អត្តសញ្ញាណ​ពិត។

តាម​ពិត​ទៅ​នេះ​ជា​រឿង​ចាស់​ដែល​ផ្ទុះ​ឡើង​យូរ​ណាស់​មក​ហើយ ដោយ​តាម​របាយការណ៍​ក្រៅ​ស្រុក​ជា​ច្រើន​ចុះ​ផ្សាយ​ថា​កាល​ពី​ជាង ១០ ឆ្នាំ​មុន Ronaldo បាន​ជ្រុលជ្រួស​ជាមួយ​និស្សិត​ស្រី​អាយុ ២០ ឆ្នាំ​មួយ​រូប នៅ​ឯ​ទីក្រុង Manchester ចក្រភព​អង់គ្លេស។ ក្រោយ​ឆ្លង​កាត់​យប់​ដ៏​មាន​ន័យ​នោះ​ហើយ នាង​បាន​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទៃ​ពោះ ហើយ​ធ្វើ​តេស្ត DNA ក៏​រក​ឃើញ​ថា​ជា​កូន​របស់ Ronaldo ពេល​នោះ CR7 មិន​បដិសេធ​នោះ​ទេ ដោយ​ព្រម​ទទួល​យក ព្រោះ​ជា​កូន​ដំបូង​របស់​លោក តែ​ទាមទារ​ឲ្យ​នាង​ធ្វើ​ការ​លាក់​អត្តសញ្ញាណ។

ដើម្បី​ជា​ថ្នូរ​ដោះដូរ កីឡាករ​ព័រទុយហ្គាល់​បាន​ចំណាយ​ទឹកប្រាក់​ជិត ១៣ លាន​ដុល្លារ​អាមេរិក ​ឲ្យ​នាង​ពពោះ​កូន​នោះ​ដល់​ចាប់​កំណើត ហើយ​នាង​ត្រូវ​លាក់​អត្តសញ្ញាណ​រហូត​ដល់ Jr មាន​អាយុ ១៨ ឆ្នាំ​ទើប Ronaldo ព្រម​ប្រាប់​ការ​ពិត​ទាំង​អស់​ទៅ​កូន​របស់​គេ។

ដូច្នេះ​មាន​ន័យ​ថា កំឡុង​ពេល​នេះ​នាង​មិន​អាច​ប្រាប់​រឿង​អាថ៌កំបាំង​ខាង​លើ​ទៅ​នរណា​ទាំង​អស់ សូម្បី​តែ​គ្រួសារ​របស់​នាង​ផ្ទាល់ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ទាក់ទង​ទៅ​កាន់ Jr នោះ​ដែរ ពោល​គឺ​រឿង​អ្វី​ទាំង​អស់​អាច​ត្រឹម​ឆ្លង​កាត់​តាម​រយៈ​ភ្នាក់ងារ​របស់ Ronaldo គឺ​លោក Mendes តែ​ប៉ុណ្ណោះ ហើយ​រហូត​ដល់​ឆ្នាំ ២០២៨ ទើប​អត្តសញ្ញាណ​ពិត​នៃ​ម្តាយ​របស់ Jr អាច​ទម្លាយ​ជា​ផ្លូវការ។

យ៉ាងណាមិញ​សម្រាប់​ស្រ្តី​ដែល​បិទបាំង​អត្តសញ្ញាណ​នោះ ​ក៏​ត្រូវ​បាន​ប្រភព​ជិតស្និទ្ធ​ធ្លាប់​ទម្លាយ​ពី​ស្ថានភាព​មួយ​ចំនួន​របស់​នាង ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​នេះ​ថា៖ “នាង​តែងតែ​មមើល​ហៅ​ឈ្មោះ Ronaldo នៅ​ពេល​យប់ ហើយ​នាង​ស្រក់​ទឹក​ភ្នែក ​​ពេល​គិត​ដល់​រឿង​កូន​ប្រុស​បង្កើត​ ព្រោះ​ដូច​បាន​លក់​ព្រលឹង​របស់​ខ្លួន​ទៅ​ឲ្យ​អ្នក​ដទៃ​អ៊ីចឹង បើ​ទោះ​បី​នាង​កំពុង​រស់នៅ​លើ​គំនរ​ទ្រព្យ​សម្បត្តិ ជីវិត​ហឺហា តែ​ការ​ពិត​នៃ​រឿង​ដ៏​សំខាន់​ក្នុង​ជីវិត បែរ​ជា​នាង​ត្រូវ​លាក់​ទុក មិន​អាច​ប្រាប់​សូម្បី​តែ​មិត្តភ័ក្ដិ សូម្បី​តែ​គ្រួសារ ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​ឯកា​ខ្លាំង”។

ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រភព​ជិតស្និទ្ធ​ពី​ខាង CR7 ក៏​បាន​បង្ហើប​ដែរ​ថា៖ “ការ​ដោះដូរ​យក​ទឹកប្រាក់​ជិត ១៣ លាន​ដុល្លារ​នោះ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​នាង ហើយ​នាង​ក៏​បាន​ចុះ​ហត្ថលេខា​រួចរាល់​ហើយ​ដែរ បែប​នេះ​ទៅ​ថ្ងៃ​មុខ​នាង​ក៏​គ្មាន​សិទ្ធ​អាច​ជួប​មុខ​កូន​ប្រុស​នោះ​ដែរ តែ​ Ronaldo នៅ​តែ​បារម្ភ បារម្ភ​ខ្លាច​ទំហំ​ទឹកចិត្ត​ដ៏​ធំធេង​របស់​ម្តាយ​ធ្វើ​ការ​តវ៉ា​ទាមទារ​ចង់​ជួប​កូន​បង្កើត​របស់​គេ​នៅ​ថ្ងៃ​ខាង​មុខ​ទាល់​តែ​បាន​”៕

ប្រភព៖ Quora | Bleacher Report

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT