បេក្ខភាព​ប្រធាន​ក្លឹប​ថ្មី​នៅ Barca ចង់​នាំ​យក Xavi និង Pep ​ឲ្យ​មក​ជួយ​ពង្រឹង​ក្រុម​ឡើង​វិញ

ក្រោយ​ការ​ចាកចេញ​របស់​លោក Josep Maria Bartomeu ពេល​នេះ​ស្ថានភាព​ក្លឹប​ Barcelona ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​កែប្រែ​លើ​ផែនការណ៍​ថ្មី​ឡើង​វិញ។ ក្នុង​ចំណោម​បេក្ខភាព​ប្រធាន​ក្លឹប​ថ្មី​ធំៗ ក៏​មាន​លោក Victor Font បាន​បង្ហើប​ពី​យោបល់​របស់​លោក​ចំពោះ​រឿងរ៉ាវ​នេះ។

លោក​បាន​ពន្យល់​ថា Barcelona គួរ​តែ​នាំ​យក​អតីត​ជើង​ចាស់​ដែល​ធ្លាប់​មាន​ឈ្មោះ​ល្បី​រន្ទឺ​នៅ​អ្នក​មាន​បុណ្យ មក​ចូលរួម​អភិវឌ្ឍ​ក្រុម​ឡើង​វិញ មិន​ថា​តែ​ស្ថិត​ក្នុង​តំណែង​ណា​ក៏​ដោយ។

ប្រាប់​សារព័ត៌មាន​ Sky Sports លោក Victor Font និយាយ៖ “នេះ​ជា​គម្រោងការណ៍​របស់​យើង​ក្នុង​ការ​កសាង​ក្រុម​ដ៏​រឹងមាំ​និង​មាន​ភាព​ប្រកួតប្រជែង ហើយ​យើង​ពិត​ជា​សំណាង​ដែល​នៅ Barcelona មាន​ប្រព័ន្ធ​មួយ​ដែល​លោក Johan Cruyff បាន​រៀបចំ​តាំង​ពី​ដើម​រៀង​មក”។

លោក​បន្ត៖ “ហើយ​វីរបុរស​របស់​យើង​ជា​ច្រើន​បាន​យល់​ច្បាស់​អំពី​ប្រព័ន្ធ​លេង​មួយ​នេះ និង​ជា​មនុស្ស​ដែល​អ្នក​គាំទ្រ​ស្រលាញ់​ផង​ដែរ ដូច​ជា Pep Guardiola, Xavi, Andres Iniesta និង Carles Puyol ដោយ​យើង​ត្រូវ​ការ​ពួក​គេ​ដើម្បី​ឲ្យ​មក​ចូលរួម​ក្នុង​ផែនការណ៍​នេះ”៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT