អាយ អេស អាយ ដង្កោសែនជ័យបង្ហាញរថយន្តថ្មីនិងធ្វើកម្មវីធីសប្បុរសធម៌ដល់ជនរងគ្រោះដោយសារជំនន់ទឹកភ្លៀង

ក្លិបបាល់ទាត់អាយ អេស អាយដង្កោសែនជ័យ ដែលជាសមា ជិកក្នុងក្របខ័ណ្ឌលីគបាល់ទាត់លំដាប់ទី២ បានបង្ហាញរថយន្ដរបស់ខ្លួនដោយបានរចនានូវសោភណភាពដ៏ស្រស់ស្អាត សម្រាប់បម្រើដល់ការដឹកជញ្ជូនក្នុងការប្រកួតប្រជែងបាល់ទាត់។

លោក សៀក សុវណ្ណ អ្នកចាត់ការទូទៅក្លិបបាល់ទាត់អាយ អេស អាយដង្កោសែនជ័យ បានបញ្ជាក់ថា អាយ អេស អាយ ដង្កោសែនជ័យ បានបង្ហាញរថយន្ដដ៏ថ្មីសន្លាង សម្រាប់ប្រើប្រាស់ធ្វើដំណើរទៅប្រកួត ឬកម្មវិធីនានារបស់ក្លិប។ នេះជាលើកដំបូង ដែលក្លិបនេះមានរថយន្ដផ្ទាល់ខ្លួនបែបនេះ។ រថយន្ដនេះមានពណ៌ខៀវរំលេចដោយឡូហ្គោក្លិបពណ៌លឿង និងខៀវលាយស ព្រមទាំងពាក្យស្លោកក្លិប។

ក្លិបបាល់ទាត់អាយ អេស អាយ ដង្កោសែនជ័យ គឺជាសមាជិកថ្មីក្នុងព្រឹត្តិការណ៍ជម្រើសជើងឯកលីគទី២ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ ប៉ុន្តែក្លិបមួយនេះគឺជាក្រុមខ្លាំងមួយ នៅក្នុងការប្រកួតបាល់ទាត់ពាក់កណ្តាលអាជីព និងពានរង្វាន់ផ្សេងៗនាពេលកន្លងមក ជាពិសេសគឺជាម្ចាស់ជើងឯកពានរង្វាន់ពាក់កណ្តាល អាជីព KMHChampion League កាលពីរដូវកាល ២០១៩។ ក្រុមអាយ អេស អាយដង្កោសែនជ័យ បានចូលរួមប្រកួតប្រជែងជើងឯកលីគទី២ ជាលើកដំបូងនៅរដូវកាល២០២០ ដោយឆ្លងកាត់ការប្រកួត ៣លើកកន្លងមក។ ក្រុមនេះដឹកនាំដោយគ្រូបង្គោល John Botioba ស្ថិតចំណាត់ថ្នាក់លេខ៤មាន៦ពិន្ទុ ក្នុងចំណោមក្រុមប្រកួតប្រជែងចំនួន១០។ បច្ចុប្បន្នក្លិបបាល់ទាត់ អាយ អេសអាយដង្កោសែនជ័យ កំពុងអភិវឌ្ឍន៍ខ្លួនពីពាក់កណ្តាលអាជីព ឆ្ពោះទៅកម្រិតអាជីពមួយ ដែលនឹងខិតខំធ្វើការប្រកួតក្នុងលីគលំដាប់ទី២នេះ ដើម្បីប្រជែងកៅអី១ ឡើងទៅលីគកំពូលកម្ពុជា នារដូវកាលក្រោយៗ។

នៅក្នុងថ្ងៃដដែលនៃការបង្ហាញរថយន្តថ្មីនេះដែរ ក្លិបបាល់ទាត់អាយអេស អាយដង្កោសែនជ័យ ក៏បានរៀបចំកម្មវិធីសប្បុរសធម៌មួយ ដោយលោក សៀក សុវណ្ណ បញ្ជាក់បន្ថែមថា កម្មវិធីនេះមានថ្នាក់ដឹកនាំ ក្រុមការងារ និងកីឡាករ ដោយចែកអង្ករជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ១០០គ្រួ សារ មកពីផ្ទះជួលដំបូលខៀវ Zone 1 ២៥គ្រួសារ, ផ្ទះជួលខាងញ៉ូមីងដា zone 2 ៤១គ្រួសារ និងផ្ទះជួលសិនចូវ zone 5&6 ចំនួន៣៤គ្រួសារ។​ កម្មវិធីសប្បុរសធម៌នេះ ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដោយសារគ្រោះទឹកជំនន់នាពេលថ្មីៗនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT