​ក្រោម​ការ​ដឹកនាំ​របស់ Bartomeu ក្លឹប Barcelona ខាត​ធ្ងន់​លើ​ការ​ចាយ​លុយ​ទិញ​កីឡាករ ៥ រូប​នេះ

លោក Josep Maria Bartomeu ​និង​ក្រុមប្រឹក្សាភិបាល​បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​ក្លឹប Barcelona ​នៅ​ថ្ងៃ​ទី ២៨ ​តុលា ឆ្នាំ ២០២០ ​ក្រោយ​ចូល​កាន់​តំណែង​អស់​រយៈ​ពេល​ជាង ៦ ឆ្នាំ។

បុរស​វ័យ ៥៧ ឆ្នាំ​បាន​ប្រកាស​នូវ​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ​ឡើង ​មុន​រយៈ​ពេល​ប៉ុន្មាន​ខែ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្លឹប​ថ្មី ដែល​កំណត់​ធ្វើ​ឡើង​នៅ​ខែ​មិនា ឆ្នាំ ២០២១។ ​ក្រោម​ការ​ដឹកនាំ​របស់​អតីត​ប្រធាន​ក្លឹប​សញ្ជាតិ​អេស្ប៉ាញ​ច្រើន​ឆ្នាំ​មក​នេះ អ្នក​មាន​បុណ្យ​ក៏​ទទួល​បាន​ជោគជ័យ​មួយ​ផ្នែក​ធំ តែ​ក៏​លាយឡំ​នឹង​ភាព​រកាំរកូស​ជា​ច្រើន​ផង​ដែរ។

ផ្សា​ភ្ជាប់​នឹង​រឿងរ៉ាវ​នេះ CTS Sports សូម​បង្វែរ​ឲ្យ​អ្នក​គាំទ្រ បាន​ដឹង​ពី​ការ​ចុះ​ហត្ថលេខា​ខ្ជះខ្ជាយ​លុយ​ធំ​បំផុត​ទាំង ៥ ក្រោម​ការ​ដឹកនាំ​របស់​លោក Bartomeu៖

៥) Arda Turan ​ក្លឹប​ចាយ​អស់ ៣៤ លាន​អឺរ៉ូ


Barcelona បាន​ចាយ​លុយ ៣៤ លាន​អឺរ៉ូ នាំ​យក Turan មក​ចូលរួម​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០១៥ ប៉ុន្តែ​រូបគេ​ត្រូវ​រង់ចាំ​ដល់​ខែ​មករា​ ឆ្នាំ​បន្ទាប់​ទើប​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង។ រយៈ​ពេល​ជាង ៣ ឆ្នាំ​កីឡាករ​សញ្ជាតិ​ទួរគី ឈរ​ជើង​លើ​ទីលាន​ឲ្យ Barca បាន​តែ ៣ ០១៧ នាទី​គត់ និង​រក​បាន ១៥ គ្រាប់​ហើយ Assist ១១ លើក មុន​ការ​ផ្ទេរ​ចេញ​នៅ​ឆ្នាំ ២០១៨ ដោយ​គ្មាន​បាន​តម្លៃ​ខ្លួន​សូម្បី​តែ​មួយ​សេន្ត។

៤) Andre Gomes ​ក្លឹប​ចាយ​អស់ ៣៧ លាន​អឺរ៉ូ


Barcelona បាន​យក Gomes ចេញ​ពី Valencia នៅ​រដូវ​ក្តៅ​ឆ្នាំ ២០១៦ តែ​ដល់​រយៈ​ពេល ៣ ឆ្នាំ​បន្ទាប់​សម្រេច​លក់​ឲ្យ​ទៅ Everton វិញ ដោយ​ព្រម​ខាត​ខ្ទង់ ១២ លាន​អឺរ៉ូ។ កំឡុង​ពេល ៣ រដូវ​កាល​នៃ​ការ​មក​ដល់​របស់​កីឡាករ​អេស្ប៉ាញ គេ​បាន​ឈរ​ជើង​លើ​ទីលាន​ឲ្យ Barca តែ ៣ ៨៣៧ នាទី​ប៉ុណ្ណោះ ហើយ​រក​បាន​ត្រឹម ៣ គ្រាប់​និង Assist ៤ លើក។

៣) Antoine Griezmann ក្លឹប​ចាយ​អស់ ១២០ លាន​អឺរ៉ូ


ទទួល​ស្គាល់​ថា កីឡាករ​បារាំង​នៅ​សល់​ពេលវេលា​ដើម្បី​បង្ហាញ​ពី​គុណភាព​លេង​របស់​គេ​នៅ Barcelona ប៉ុន្តែ​ឆ្លង​កាត់​រយៈ​ពេល​ជាង ១ ឆ្នាំ​មក​នេះ ការ​ចាយ​អស់ ១២០ លាន​អឺរ៉ូ​លើ Griezmann រាប់​ថា ជា​រឿង​ខកចិត្ត​បណ្តើរៗ​ទៅ​ហើយ។

បុរស​វ័យ ២៩ ឆ្នាំ​កាល​នៅ At ជោគជ័យ​ខ្លាំង ​ជាមួយ​នឹង​ការ​លេង​នៅ​តំណែង​ប្រយុទ្ធ​កណ្តាល ប៉ុន្តែ​សម្រាប់​ការ​មក​ដល់ Barca គេ​ត្រូវ​បង្ខំ​ចិត្ត​លេង​តំណែង​ប្រយុទ្ធ​ស្លាប​ដែល​មិន​ត្រូវ​នូវ​អ្វី​ដែល​គេ​ប៉ិនប្រសព្វ​ទាល់​តែ​សោះ។ នៅ ៥៣ ប្រកួត Griezmann ទើប​រក​បាន ១៥ គ្រាប់​និង Assist ៤ លើក ហើយ​តម្លៃ​ខ្លួន​របស់​គេ​បច្ចុប្បន្ន​ធ្លាក់​ចុះ ៤០ លាន​អឺរ៉ូ​ឯ​ណោះ។

២) Ousmane Dembele ​ក្លឹប​ចាយ​អស់ ១៣០ លាន​អឺរ៉ូ


Demmbele បាន​ចាកចេញ​ពី Dortmund មក​គ្រោង​អាវ​លេខ ១១ ជំនួស Neymar ជាមួយ​តម្លៃ​ខ្លួន ១៣០ លាន​អឺរ៉ូ។ ប៉ុន្តែ​រយៈ​ពេល ៣ ឆ្នាំ​ជាមួយ​ម្ចាស់ដី Camp Nou កីឡាករ​បារាំង​ញាំញី​ដោយសារ​របួស​ឥត​ឈប់ ពោល​គ្រាន់​តែ​សម្រាក​ព្យាបាល​ចាយ​ពេល​ជិត ១ ឆ្នាំ​កន្លះ​ទៅ​ហើយ។ ​បច្ចុប្បន្ន​បើ Barcelona ព្រម​លក់​ក៏​ខាត​យ៉ាង​តូច ៧០ លាន​អឺរ៉ូ​ដែរ ទាំង​ដែល​ការ​បង្ហាញ​ខ្លួន​ទើប​ចូលរួម​បាន ៧៨ លើក រក​បាន ២០ គ្រាប់​និង Assist ១៧ លើក។

១) Philippe Coutinho ​ក្លឹប​ចាយ​អស់ ១៤៥ លាន​អឺរ៉ូ
ការ​ចុះ​ហត្ថលេខា​យក Coutinho ជា​ការ​ផ្ទេរ​ចូល​នៅ​តម្លៃ​បំបែក​កំណត់ត្រា​របស់​ក្លឹប ក្រោយ​មើល​ឃើញ​គុណភាព​លេង​របស់​កីឡាករ​ប្រេស៊ីល​នៅ Liverpool ហាក់​មាន​ភាព​ល្អ​ខ្លាំង។

រដូវ​កាល​ដំបូង​ជាមួយ Barcelona ​បុរស​វ័យ ២៨ ឆ្នាំ រក​បាន ១១ គ្រាប់​និង Assist ៥ លើក តែ​ចូល​ដល់​រដូវ​កាល​បន្ទាប់​គេ​បាន​ផ្ទេរ​ចេញ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ទៅ​ចូលរួម​ជាមួយ Bayern Muncich ហើយ​លើក​ពាន Champions League នៅ​ទី​នោះ។ អ្វី​ដែល​ឈឺ​ចាប់​បំភ្លេច​មិន​បាន កីឡាករ​ដែល​ក្លឹប​ចាយ​លុយ​អស់​ច្រើន​បំផុត ចុងក្រោយ​ក៏​ក្លាយ​ជា​កីឡាករ​ស្ថិត​ក្នុង​ក្រុម​គូ​ប្រជែង​ដែល​បំបាក់​ខ្លួន​ក្នុង​លទ្ធផល ៨-២ ​កាល​ពី​រដូវ​កាល​មុន​ផង​ដែរ។ ហាងឆេង​ថ្លៃ​ខ្លួន​របស់ Coutinho នា​ពេល​នេះ​ចុះ​អស់​ជាង ៨០ លាន​អឺរ៉ូ ធៀប​នឹង​ការ​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ ២០១៨៕

ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT