សរុបម្ចាស់​ជ័យលាភីទាំងអស់​ក្នុងពាន​រង្វាន់លីគ​កំពូល​កម្ពុជារដូវកាល​២០២០

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំកម្មវិធីបំពាក់មេដាយជូនក្រុមជ័យលាភី និងប្រគល់ពានរង្វាន់ជួនដល់ក្រុមបឹងកេត ដែលឈ្នះជើង ឯកលីគកំពូលកម្ពុជា រដូវកាល ២០២០ នៅយប់ថ្ងៃ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រុមបឹងកេត ដែលគ្រងជើងឯកលីគកំពូលកម្ពុជា រដូវកាល២០២០នេះ បន្ទាប់ពីរកបាន១ពិន្ទុបន្ថែមនៃប្រកួតដ៏សំខាន់ចុងក្រោយលើម្ចាស់ផ្ទះ ភ្នំពេញក្រោន ១ទល់១ កាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ខណៈក្រុមការពារម្ចាស់ជើងឯករដូវកាល ២០១៩ ព្រះខ័នរាជស្វាយរៀងបានត្រឹងជើងឯករង ក្រោយយកឈ្នះណាហ្គាវើល ៤ទល់០ នៃ១ប្រកួតចុងក្រោយដូចគ្នា ។ ឆ្លងកាត់១៧ប្រកួត បឹងកេត ឈ្នះ១២ប្រកួត ស្មើ៥ប្រកួត និងមិនដែលចាញ់ឡើយ ដោយមាន៤១ពិន្ទុ ខណៈ១៧ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង ឈ្នះ១៣ប្រកួត ស្មើ២ និងចាញ់២ មាន៤១ពិន្ទុ ដែលគិតលើរូបមន្ត Head-to-Head។ ចំណែកឯក្រុមភ្នំពេញក្រោនដណ្តើមបានចំណាត់ថ្នាក់លេខ៣ ដោយមាន៣៣ពិន្ទុ ស្របពេលក្រុមកងយោធពលខេមរភូមិន្ទជាប់ចំណាត់ថ្នាក់លេខ៤ មាន២៧ពិន្ទុ។

សម្រាប់ជ័យលាភីឯកត្តជន និងជ័យលាភីក្រុមនៃការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០នេះរួមមាន៖ ពានរង្វាន់អាជ្ញាកណ្តាលល្អមាន៤រូប ទទួលបានប្រាក់រង្វាន់ ៨លានរៀល, ក្រុមលេងដោយយុត្តិធម៌ បានទៅលើក្រុមយុវជនបាទី ៨លានរៀល, អ្នកចាំទីល្អ កីឡាករ ហ៊ុល គឹមហ៊ុយ ក្លឹបបឹងកេត ៣លានរៀល, គ្រូបង្វឹកល្អ លោក គឹម ភក្តី ក្លឹបបឹងកេត ៣លានរៀល, អ្នកទាត់បញ្ចូលទីច្រើនជាងគេ (១៦គ្រាប់) កីឡាករមកពីក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ Jean Marie Privat BefoloMBarga ស្បែកជើងមាស អមដោយថវិកា ៣លានរៀល, កីឡាករល្អជាងគេបានទៅលើកីឡាក្លឹបបឹងកេត ម៉ាត់ ណូរុន ៣លានរៀល។ ជ័យលាភីក្រុមចំណាត់ថ្នាក់លេខ៤ បានទៅក្រុមកងយោធពលខេមរភូមិន្ទ ប្រាក់រង្វាន់៤០លានរៀល, ចំណាត់ថ្នាក់លេខ៣ ភ្នំពេញក្រោន មេដាយសំរឹទ្ធិអមដោយប្រាក់រង្វាន់៥០លានរៀល, ក្រុមជើងឯករង ព្រះខ័នរាជស្វាយរៀង មេដាយប្រាក់ អមដោយប្រាក់រង្វាន់ចំនួន ៦០លានរៀល និងក្រុមគ្រងជើងឯក បឹងកេត ទទួលបានពានរង្វាន់១ មេដាយមាស អមដោយប្រាក់រង្វាន់ ១៥០លានរៀល។ សម្រាប់ប្រាក់រង្វាន់ជ័យលាភីនៅរដូវកាល ២០២០ ជាពិសេសគឺក្រុមជើងឯកត្រូវបានបង្កើនឡើងច្រើនជាងបណ្តារដូវកាលមុនៗ ដោយច្រើនជាង២ដង ដូចជារដូវកាល ២០១៩ ក្រុមជើងឯក ៦០លានរៀល។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមការផ្តល់កិត្តិយសពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងឯកឧត្តមអភិបាលរាជធានីភ្នំពេញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT