លោក ស៊ុំ វណ្ណាបង្ហាញចំណាប់​អារម្មណ៍យ៉ាងណា​ទាក់ទងការ​សម្រេច​ចិត្តរបស់​អាជ្ញាកណ្ដាល?

« ការប្រកួតចុងក្រោយ MCL យើងត្រូវការការលេងដែលល្អ និងឈ្នះការប្រកួតនេះដើម្បីបញ្ជាក់ថាក្រុមរបស់យើងជាក្រុមដែលល្អមួយនៅក្នុងលីគឆ្នាំ២០២០ យើងត្រូវតែបង្កើតប្រវត្តិសាស្ត្រល្អនៅក្នុងទីលានរបស់យើង » ។នេះ​គឺ​ជា​សម្ដីរបស់​លោក ស៊ុំ វណ្ណា​ថ្លែង​ក្រោយ​ចប់​ការ​ប្រកួត​ដែល ភ្នំពេញក្រោន​ទទួល​បាន​លទ្ធផល​ស្មើ​ជាមួយបឹង​កេត​ក្នុង​ថ្ងៃ​ចុង​ក្រោយ​លីគ​កំពូល​កម្ពុជា​ក្នុង​លទ្ធផល១​ទល់​១។

« កីឡាកររបស់យើងបានបង្ហាញទម្រង់លេងល្អ តែរយៈពេលតែ៣០វិនាទីចុងក្រោយយើងខ្វះការទំនាក់ទំនងគ្នារវាងស្លាបខាងស្តាំ និងខ្សែប្រយុទ្ធ ដែលជាមូលហេតុធ្វើឲ្យគូប្រកួតរបស់យើងមានឱកាសស្វែងរកគ្រាប់បាល់តាមស្មើយើង ។ ក្នុងការប្រកួតនេះយើងមិនខ្វល់ថាក្រុមណានឹងលើកពាននោះទេ ប៉ុន្តែយើងចង់លេងឲ្យបានល្អដើម្បីអ្នកគាំទ្ររបស់យើង » ។

ទោះបី​ជា​យ៉ាងនេះក្ដី លោកបានបញ្ជាក់ពីជំហរបស់ក្លឹបទាក់ទងនឹងការមិនពេញចិត្តការកាត់សេចក្តីរបស់អាជ្ញាកណ្តាផងដែរ។

« តាមរយៈការកាត់សេចក្តីរបស់អាជ្ញាកណ្តាលធំលើទីលាន យើងត្រូវតែមានការជួបប្រជុំជាមួយ FFC ដើម្បីស្វែងរកមូលហេតុជាក់លាក់មួយជុំវិញការសម្រេចចិត្តរបស់គាត់ ដែលហេតុអ្វីបានជាផ្តល់បាល់ Offside ទៅ Paulo ត្រង់ចំនុចមួយ, ហេតុអ្វីបានជាគាត់ឲ្យកាតលឿងទៅកីឡាករយើងត្រង់ចំនុចមួយនោះ, និងហេតុអ្វីបានជាម៉ោងបន្ថែមរហូតដល់៦នាទី ។ ការធ្វើបែបនេះវាហាក់បីដូចជាបំផ្លាញទឹកចិត្តអ្នកគាំទ្ររបស់យើង ក្រុមការងារ និងកីឡាករដែលខំប្រឹងយ៉ាងខ្លាំងក្លាលើទីលានសម្រាប់ការប្រកួតមួយនេះ » ។

 

ប្រភពនិងរូបភាព៖ភ្នំពេញក្រោន

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT