បុរស​សាច់ដុំ Adama Traore ​ប្រាប់​មូលហេតុ​ដែល​តែងតែ​លាប​ប្រេង​លើ​ដង​ខ្លួន​មុន​ការ​ប្រកួត

បុរស​សាច់ដុំ​និង​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កីឡាករ​ពោរពេញ​ដោយ​ល្បឿន​គឺ Adama Traore ថ្មីៗ​នេះ​បាន​ទម្លាយ​ពី​មូលហេតុ​ច្បាស់​ការ ដែល​គេ​រមែង​លាប​ប្រេង​លើ​ផ្នែក​ដៃ​មុន​រៀងរាល់​ការ​ប្រកួត។

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ចចក Wolves បាន​សង្កត់​ធ្ងន់​ថា វា​ជា​យុទ្ធសាស្ត្រ​ដើម្បី​ជួយ​ឲ្យ​គូ​ប្រជែង​មិន​អាច​យក​ដៃ​តាម​ប្រទាញ​ផ្នែក​សាច់ដុំ​ដ៏​ធំ​របស់​ខ្លួន​បាន ហើយ​នៅ​ពេល​ដែល​គ្មាន​ការ​រំខាន​ នោះ​ល្បឿន​របស់​គេ​ក៏​អាច​រត់​ទៅ​បាន​លឿន​ផង​ដែរ។

​ប្រាប់​សារព័ត៌មាន Daily Mail កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​និយាយ៖ “គ្រូ​ពេទ្យ​នៅ​ក្លឹប​គាត់​បាន​ផ្តល់​គំនិត​ហ្នឹង​ ព្រោះ​ពួក​គេ​ដឹង​ថា ខ្ញុំ​មាន​បញ្ហា​នៅ​ផ្នែក​ស្មា​របស់​ខ្ញុំ អ៊ីចឹង​វា​ងាយស្រួល​សម្រាប់​គូ​ប្រជែង​នៅ​ពេល​ដែល​ពួក​គេ​ចាប់​ទាញ​ដៃ​និង​ស្មា​របស់​ខ្ញុំ ដើម្បី​មិន​ឲ្យ​ខ្ញុំ​អាច​បម្លាស់ទី”។

លោក​សង្កត់​ធ្ងន់៖ “លុះ​ដល់​ពេល​យើង​ប្រើ​ប្រេង​មក​លាប​លើ​ផ្នែក​ទាំង​នោះ វា​ពិត​ជា​មិន​អាច​នោះ​ទេ​ដែល​ពួក​គេ​អាច​ចាប់​ទាញ​ទៀត​បាន ជា​ពិសេស​ពេល​ខ្ញុំ​កំពុង​ប្រើប្រាស់​ល្បឿន ដោយ​នៅ​ប្រកួត​ដំបូង​ខ្ញុំ​ហាក់​អស់​សំណើច​ដែរ ​ព្រោះ​កីឡាករ​ដែល​ធ្លាប់​ចាប់​ទាញ​ខ្ញុំ​បាន ពួកគេ​ឆ្ងល់​ខ្លាំង​ណាស់ ថា​ម៉េច​សុខៗ​បែរ​ជា​មិន​អាច​ទាញ​បាន​ទៅ​វិញ”។

បញ្ជាក់​ថា នៅ​រដូវ​កាល ២០១៩/២០ កីឡាករ​វ័យ ២៤ ឆ្នាំ បង្ហាញ​ខ្លួន​ឲ្យ Wolves បាន ៥៤ ប្រកួត រក​បាន ៦ គ្រាប់​និង Assist ១២ លើក។ បច្ចុប្បន្ន​ហាងឆេង​តម្លៃ​ខ្លួន​របស់​គេ ថ្លៃ​ប្រមាណ ៤០ លាន​អឺរ៉ូ និង​ល្ហៀងៗ​ថា​មាន​ក្លឹប Juventus/Man City និង Liverpool ធ្លាប់​ចង់​បាន​នៅ​រយៈ​ពេល​ចុង​ក្រោយ៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT