Real Madrid ​នឹង​ទិញ​យក Pjanic ​បើ Modric ​ចាកចេញ​ពី​ក្រុម

ក្លឹប Real Madrid ​បាន​សម្លឹង​ឃើញ​កីឡាករ​ដើម្បី​ជំនួស​តំណែង​របស់​លោក Luka Modric ​រួច​ជា​ស្រេច​ហើយ ​ប្រសិន​បើ​ខ្សែ​បម្រើ​រូប​នេះ​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​មែន។

Inter Milan ​កំពុង​តែ​តាម​អន្ទង់​ចិត្ត​ Modric ​ខ្លាំង​មែនទែន ​ក្រោយ​ពី​បាន​ឃើញ​សមត្ថភាព​ខ្សែ​បម្រើ​រូប​នេះ​ធ្វើ​បាន​ល្អ ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ពាន​រង្វាន់ FIFA World Cup 2018 ។ យ៉ាងណាមិញ ​ការ​ចង់​បាន​នេះ ​បើ​បាន​មែន​ក៏​មិន​តិច​លាន​ដុល្លារ​ដែរ ​ត្បិត​អី Real Madrid ​ផ្ទាល់​ពិត​ជា​មិន​ចង់​លក់​កីឡាករ​ពាក់​អាវ​លេខ​១០​នេះ​ឡើយ។ លោក​Perez ​ប្រធាន​ក្លឹប​បាន​បញ្ជាក់​ប្រសិន​បើ​មាន​ក្លឹប​ណា​ចង់​បាន​កីឡាករ​រូប​នេះ​ពី​ខ្លួន គឺ​ជា​រឿង​ងាយ​បំផុត ​ដោយ​គ្រាន់​តែ​ត្រូវ​ចំណាយ​៧៥០​លាន​ផោន​ប៉ុណ្ណោះ។

Miralem Pjanić

បើ​ទោះ​ជា​និយាយ​ដាក់​តម្លៃ​ធ្វើ​ឱ្យ​គេ​ទិញ​មិន​បាន​នេះ​មែន ប៉ុន្តែ​ក្រុម​អធិរាជ​ស​ក៏​បាន​មើល​ឃើញ​កីឡាករ​ថ្មី​មក​ជំនួស​តំណែង​របស់​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​នេះ​រួច​ទៅ​ហើយ។ ម្នាក់​នោះ​គឺ Pjanic ​របស់​ក្រុម Juventus ។ ខ្សែ​បម្រើ​ជម្រើស​ជាតិ​បូស្នី​រូប​នេះ ត្រូវ​បាន Real Madrid ​ជឿ​ជាក់​ថា​អាច​ជំនួស​តំណែង Modric ​បាន ​ប៉ុន្តែ​ប្រសិន​បើ​ទិញ​រូបគេ​មែន​នោះ​តម្លៃ​ខ្លួន​ក៏​មិន​ថោក​ដែរ។ ដូច្នេះ​ហើយ ​បាន​ជា​ក្លឹប​នៅ​អេស្ប៉ាញ​មួយ​នេះ ​ហាក់​ដូចជា​មិន​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ចង់​បាន​របស់ Inter ​មក​លើ Modric ​ឡើយ៕ប្រភព៖ DailyMail

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT