CR7 ផ្ញើសារ​ទៅ​កំពូល​អ្នក​វាយ​ក្នុង​ទ្រុង Khabib ក្រោយ​គេ​ប្រកាស​ចូល​និវត្ត​ពី UFC

កំពូល​អ្នក​វាយ​ក្នុង​ទ្រុង Khabib Nurmagomedov ​បាន​ប្រកាស​ចូល​និវត្ត​ពី​អាជីព​របស់​ខ្លួន ក្នុង​ព្រឹត្តិការណ៍ UFC 254 កាល​ពី​ថ្ងៃ​ទី ២៤ ​តុលា ឆ្នាំ ២០២០ កន្លង​ទៅ ដែល​វា​ជា​ប្រកួត​លើក​ចុង​ក្រោយ​របស់​លោក។

អត្តពលិក​សញ្ជាតិ​រុស្ស៊ី​បាន​រក្សា​កំណត់ត្រា​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” នៅ​ការ​ប្រកួត​ផ្លូវការ​ចំនួន ២៩ លើក។ ពី​ក្រោយ​មូលហេតុ​ដែល​ Khabib សម្រេច​បោះបង់​អាជីព​ ដែលខ្លួន​ឆ្លងកាត់​អស់​រយៈ​ពេល​ជាង ១០ ឆ្នាំ​មក​នេះ ក៏​ដោយសារ​តែ​ការ​បាត់បង់​ឪពុក​របស់​ខ្លួន ដែល​ទទួល​មរណភាព​កាល​ពី​ខែ​កក្កដា ដោយសារ​រោគាពាធ លាយឡំ​នឹង​ការ​ឆ្លង​ជំងឺ COVID-19។

បុរស​វ័យ ៣២ ឆ្នាំ​បាន​សន្យា​ជាមួយ​ម្តាយ​របស់​ខ្លួន​ថា គេ​នឹង​មិន​ឡើង​ការ​ប្រកួត​ទៀត​នោះ​ទេ ប្រសិន​ណា​លែង​មាន​វត្តមាន​ឪពុក​ ហើយ​ប្រកួត​នៅ​ឆ្នាំ ២០២០ នេះ គេ​ក៏​បាន​ប្រាប់​ទៅ​ម្តាយ​រួច​ហើយ​ដែរ​ ថា​វា​គឺ​ជា​ប្រកួត​លើក​ចុង​ក្រោយ។

ក្រឡេក​ទៅ​មើល​អ្នក​គាំទ្រ​ពិសេស​និង​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់ Khabib មួយ​រូប ដែល​ជា​តារា​ឆ្នើម​ក្នុង​ពិភព​បាល់ទាត់​គឺ Cristinao Ronaldo ​ក៏​បាន​និយាយ​មុន​ការ​ប្រកួត​តាមរយៈការជជែកលើបណ្តាញសង្គមថា​ Khabib គេ​នឹង​ទទួល​បាន​ជ័យជម្នះ។ ដោយឡែក​ក្រោយ​ចប់​ការ​ប្រកួត CR7 ក៏​បាន​ផ្ញើសារ​លើក​ទឹកចិត្ត​សម្រាប់​ជ័យជម្នះ​ចុងក្រោយ​របស់ Khabib បន្ថែមទៀត​ថា៖ “អបអរ​សាទរ​ប្អូន​ប្រុស! ឪពុក​របស់​ឯង​ប្រាកដ​ជា​នឹង​មាន​មោទនភាព​ជាមួយ​ឯង​ខ្លាំង​ណាស់”។

គួរ​បញ្ជាក់​ថា អត្តពលិក​មាន​ឈ្មោះ​បោះ​សំឡេង​ទាំង​ពីរ​រូប​ខាង​លើ សុទ្ធ​សឹង​ជា​បុគ្គល​ដែល​កំព្រា​ឪពុក​ដូច​គ្នា។ ដោយ​សម្រាប់​កីឡាករ​បាល់ទាត់ Cristiano Ronaldo ក៏​ធ្លាប់​បង្ហាញ​អារម្មណ៍​សោកសង្រេង​ជា​សាធារណៈ ម្តង​ទៅ​ពីរ​លើក​រួច​ហើយ​ដែរ​ជុំវិញ​ការ​បាត់បង់​ដ៏​ធំធេង​មួយ​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT