ឯកឧត្តម វ៉ាត់ ចំរើន សោកស្តាយដែលខួបលើកទី២៥ឆ្នាំនៃទិវារត់ប្រណាំងពាក់កណ្តលម៉ារ៉ាតុងអង្គរមិនបានធ្វើធំ

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡំាពិកកម្ពុជា បានសម្តែងការសោកស្តាយចំពោះខួបលើកទី២៥ឆ្នាំ នៃទិវារត់ប្រណាំងទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៥ ដែលគ្រោងធ្វើនាថ្ងៃទី៦ ខែធ្នូ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ឆ្នាំ២០២០ មិនបានរៀបចំឲ្យធំដូចរាល់ឆ្នាំ និងមិនបានរៀបចំឲ្យពិសេសនៃខួប២៥ឆ្នាំនេះ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ១៩ ដែលរីករាលដាលជាសាកល។
នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៥ ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ដោយសារជំងឺកូវីដ-១៩បានធ្វើឲ្យប៉ះពាល់លើព្រឹត្តិការណ៍កីឡាធំៗជាអន្តរជាតិដែលត្រូវលុបចោល និងពន្យាពេល ហើយព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិធំៗចំនួនពីររបស់កម្ពុជា ក៏ត្រូវបានលុបចោលដែរ ដោយត្រូវលើកពេលទៅឆ្នាំ២០២១នោះ គឺការរត់ប្រណាំងអន្តរជាតិភ្នំពេញ និងរត់ប្រណាំងអន្តរជាតិចក្រភពខ្មែរ (Full Marathon)។ ដោយឡែកសម្រាប់ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរនេះ អាចធ្វើទៅបាននាដើមខែធ្នូ ឆ្នាំ២០២០ ដោយមានតែកីឡាករ កីឡាការិនីខ្មែរ និងកីឡាករ កីឡាការិនីបរទេសដែលរស់នៅក្នុងស្រុកខ្មែរប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលរួម ដើម្បីអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតតាមការណែនាំរបស់ក្រសួង សុខាភិបាល។

ឯកឧត្តមអគ្គលេខាធិការបានបង្ហាញនូវការខិតខំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានរៀបចំ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរនេះឡើងតាំងពីលើកទី១ កាលពីឆ្នាំ១៩៩៦ ដោយពេលនោះ មានអ្នកចូលរួមរត់តែ៣០០ ទៅ៤០០នាក់ ប៉ុណ្ណោះ។ ដោយគោលបំណងចម្បងនៃទិវាមួយនេះ ធ្វើឡើងក្នុងគោលដៅស្វែងរកមូលនិធីជួយឧបត្ថម្ភគាំទ្រដល់សង្គម និងសប្បុរសធម៌។ ដោយសារតែគោលដៅសប្បុរសធម៌ មិនស្វែងរកប្រាក់ចំណេញនោះហើយ ទើបទិវារត់ប្រណាំងអន្តរជាតិមួយនេះ ទទួលបានការគាំទ្រជាបន្តបន្ទាប់ ដោយមានចំនួនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ រហូតលើកទី២៤ កាលពីឆ្នាំ២០១៩ ទិវាមួយនេះ ទាក់ទាញបានអ្នកចូលរួមរត់ជាង១ម៉ឺននាក់ ដែលឯកឧត្តមចាត់ទុកថាជាឆ្នាំជោគជ័យធំធេង និងប្រមូលបានថវិកាច្រើន សម្រាប់ការបរិច្ចាគទៅកាន់កិច្ចការសង្គម មនុស្សធម៌ជាដើម។

លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងអន្តរជាតិនៅកម្ពុជាមានប្រសាសន៍ដែរថា ទិវារត់ប្រណាំងទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៤ ឆ្នាំ២០១៩ បានបែងចែកថវិកាដែលបានមកពីការឧបត្ថម្ភ និងការបង់ថ្លៃចុះឈ្មោះចូលរួមជូនដល់អង្គការ មន្ទីរពេទ្យចំនួន៦ ដែលមានថវិកាសរុបចំនួន ១៤៤៦១១ ដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរចំនួន ១១១២១១ដុល្លារ (ប្រគល់ជូនរួច), កាកបាទក្រហមកម្ពុជា ១ម៉ឺនដុល្លារ, មន្ទីរពេទ្យគន្ធបុប្ជា ៥ពាន់ដុល្លារ, Cambodia Trust ៣៦០០ដុល្លារ, Handicap International Belgium ៣០០០ដុល្លារ និងអង្គការបេះដូងមាស សរុបចំនួន ១១៨០០ដុល្លារ ដែលមានគម្រោងកម្មវិធីរបស់ខ្លួនចំនួន៥ផ្សេងៗពីគ្នា ។

ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរនេះ ទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife ចាប់តាំងពីឆ្នាំ២០១៥មក ដើម្បីគាំទ្រដល់សកម្មភាពកីឡានៅកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។ តំណាងក្រុមហ៊ុន Manulife ថ្លែងដែរថា ក្រុមហ៊ុនពិតជារីករាយ និងមោទនភាព ដែលបានចូលរួមឧបត្ថម្ភ និងផ្តល់ការគាំទ្រដល់ការរៀបចំទិវារត់ប្រណាំងនេះ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ក៏ដូចជាបានខិតខំរៃអង្គាសថវិកាជួយសង្រ្គោះដល់សហគមន៍ដែលជួបប្រទះនូវការខ្វះខាត និងជនរងគ្រោះនានា។ Manulife មានបេសកកម្មដ៏ច្បាស់លាស់មួយ ក្នុងការលើកកម្ពស់សុខុមាលភាព សកម្មភាពកីឡានេះ ដោយបានដើរស្របគ្នានៃគោលដៅរបស់ខ្លួនរយៈពេលវែងផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT