ពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ឆ្នាំ២០២០ (Tiger Futsal Cup)ចាប់ផ្ដើមហើយ

ឯកឧត្តម ខៀវ សាម៉េត អនុប្រធាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជាថ្លែងថា ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ឆ្នាំ២០២០ (Tiger Futsal Cup) គឺជាឆ្នាំទី៤នៃទំព័រថ្មីមួយទៀតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលកំពុងរៀបចំបើកយុទ្ធនាការនៃការប្រកួតបាល់ទាត់ក្នុងសាលប្រចាំឆ្នាំ២០២០ ទោះបីជាប្រឈមនឹងជំងឺកូវីត១៩យ៉ាងណាក៏ដោយ ប៉ុន្តែនៅតែមិនអាចរាំងស្ទះការអភិវឌ្ឍបានឡើយ ព្រោះនេះគឺជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីឆ្ពោះទៅកាន់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
 នៅក្នុងពីធីបើក និងចាប់ឆ្នោតការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ឆ្នាំ២០២០ ដែលបានធ្វើឡើង កាលពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅកីឡដ្នាន The Blue រាជធានីភ្នំពេញ ដោយឆ្នាំនេះមានក្រុមចូលរួមប្រកួតប្រជែងជើងឯកចំនួន២៥ក្រុមចែកជា៥ពូល។ ការប្រកួតឆ្នាំ២០២០នេះ មានការកើនឡើងក្រុមចូលរួមលើសពីឆ្នាំមុនៗ ក្នុងចំណោមក្រុមទាំង២៥ ដែលត្រូវបានជ្រើសរើសពីមន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មាន១ក្រុមមកពី ខេត្តកំពត ១ក្រុមមកពីខេត្តកំពង់ធំ ១ក្រុមមកពីខេត្ត បន្ទាយមានជ័យ និងក្រុមផ្សេងៗទៀត នៅរាជធានីភ្នំពេញ។ ដូច្នេះត្រូវលេងតាមរូប មន្តប្រកួតវិលជុំ ក្នុងពូល ដោយបែងចែកជា៥ពូល ក្នុងមួយពូលមាន៥ក្រុម លេងសន្សំពិន្ទុក្នុងពូល ជ្រើសរើសក្រុមចំណាត់ថ្នាក់លេខ១ ចំនួន៥ក្រុម និងលេខ២ល្អជាងគេចំនួន៣ក្រុម នៃពូលនីមួយៗត្រូវឡើងទៅប្រកួតវគ្គ៨ក្រុម ចុងក្រោយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដែលសរុបទាំងអស់មាន ចំនួន៥៨ប្រកួត ដោយគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី០៧ ខែវិច្ឆិកា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ដែលមានរយៈពេល២ខែ។
ឯកឧត្តមលើកឡើងទៀតថា អ្នកជំនាញឯកទេសវិស័យបាល់ទាត់ទូទាំងពិភពលោកមានការយល់ឃើញដូចគ្នាថា បាល់ទាត់ក្នុងសាល (Futsal) ក៏ជាប្រភេទកីឡាដែលមានគុណសម្បត្តិជាច្រើនដូចជា ភាពវ័យឆ្លាត កាយសម្បទារឹងមាំ រហ័សរហួន ស្មារតីក្រុម និងភាពស្ទាត់ជំនាញផ្នែកបច្ចេកទេសទាំងឡាយរបស់បាល់ទាត់ផងដែរ។ ហេតុនេះ ការអភិវឌ្ឍហ្វូតសាល (Futsal) គឺជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៏បាល់ទាត់១១នាក់ម្ខាងផងដែរ ជាពិសេសសម្រាប់កម្រិតថ្នាល និងយុវជន។
យុវជនក្រុម ស.ស.យ.ក កំចាយមារ គឺជាក្រុមជើងឯករដូវកាលឆ្នាំ២០១៧ និង២០១៩ ហើយក្រុមយុវជនដោនថោនស្ពតគឺជាក្រុមជើងឯករដូវកាលឆ្នាំ២០១៨បានទៅចូលរួមប្រកួតអន្តរជាតិ AFF Club Futsal Championship 2019 តំណាងក្រុមកម្ពុជាទាំងមូល។
ក្នុងព្រឹត្តិការណ៍ AFF Club Futsal Championship 2019 ដូច្នេះ ក្រុមដោនថោនស្ពតជាក្រុមហ្វុតសាល ដំបូងគេដែលបានបង្កើតប្រវិត្តសាស្រ្តថ្មី សម្រាប់កីឡា​ហ្វុត​សាលរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ ការរៀបចំការប្រកួតនេះគឺដើម្បីជ្រើសរើសកីឡាករជម្រើសជាតិ បាល់ទាត់ក្នុងសាលពេញលក្ខណៈមួយក្រុម ដើម្បីទៅចូលរួមការប្រកួតជម្រើសជើងឯកបាល់ទាត់ក្នុងសាលក្របខ័ណ្ឌអាស៊ានឆ្នាំ២០២១ ខាងមុខ។ ហេតុនេះ ការបើករដូវកាលថ្មីការប្រកួតឆ្នាំ២០២០ ពិតជាមានសារសំខាន់ទាំងផ្នែកអភិវឌ្ឍន៏ ហ្វុតសាលក្នុងប្រទេស និងការត្រៀមលក្ខណៈសម្បត្តិក្លិប និងក្រុមជម្រើសជាតិ ទៅចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ។
ក្នុងនាមឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាជ្រៅបំផុតដល់ក្រុមហ៊ុន Heineken ប្រចាំប្រទេសកម្ពុជា ដែលឧបត្ថម្ភដល់ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល TIGER ឆ្នាំ២០២០ទាំងមូល និងបន្តឧបត្ថម្ភគាំទ្ររហូតដល់ឆ្នាំ២០២២៕
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT