វិសាខាបំបែកកំណត់​ត្រាល្អបំផុត​ក្នុងពាន​រង្វាន់ Hun Sen Cup 2020 ចាប់​តាំង​ពីក្លិប​បាន​បង្កើត

វិសាខា បានសាងកំណត់ត្រាថ្មី នៅពានសម្ដេចហ៊ុន សែន បន្ទាប់ពីឡើងមកលីគកំពូលឆ្នាំ ២០១៨ ពោល ការឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានសម្ដេច ហ៊ុន សែន យប់មិញនេះឯង។ នេះជាកំណត់ត្រាខ្ពស់បំផុតនៅពានសម្ដេច ហ៊ុន សែន ដែលក្លិបត្រូវបានកសាងត្រឹមរយៈពេល៣ឆ្នាំ ក្រោយឈ្នះ ព្រៃវែងដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៩-៨ (បញ្ចប់លទ្ធផល៩០នាទី (១-១)។

កាលឆ្នាំ២០១៨ វិសាខា ចាញ់ ព្រះខ័នរាជស្វាយរៀង ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយដោយលទ្ធផលគ្រាប់បាល់សរុបទាំងពីរជើង ២-១ (លេងពីរជើង)។ ឆ្នាំ២០១៩ វិសាខា ឈ្នះ នគរបាលជាតិដោយលទ្ធផលគ្រាប់បាល់សរុបទាំងពីរជើង ១០-0 នៅវគ្គ ១៦ ក្រុមចុងក្រោយ និងបន្តឈ្នះ គិរីវង់សុខសែនជ័យ ដោយគ្រាប់បាល់សរុបពីជើង ៥ -២ ទៀតនៅវគ្គ ៨ក្រុម។ ប៉ុន្តែ ពេលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វិសាខា ចាញ់ បឹងកេត ៤-០ នៅពហុកីឡដ្ឋានជាតិ (លេងមួយជើង)។

ឆ្នាំ ២០២០ វិសាខា ឈ្នះ ត្បូងឃ្មុំ ដោយគ្រាប់បាល់សរុបពីរជើង១៣ -១ នៅវគ្គ ១៦ ក្រុម។ បន្ទាប់មកទៀតទម្លាក់ក្រុមការពារតំណែងជើងឯកបឹងកេត ដោយគ្រាប់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ (ប្រកួតពីរជើង ស្មើ ៤-៤) នៅវគ្គ ៨ ក្រុម មុនទម្លាក់ ព្រៃវែង ដោយគ្រាប់ប៉េណាល់ទីកាត់សេចក្ដីខាងលើនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

វិសាខា ក្លាយជាក្រុមលេងដល់វគ្គប៉េណាល់ទីកាត់សេចក្ដីច្រើនជាងគេ (២ដង) នៅពានសម្ដេចរដូវកាលនេះ ខណៈដែល អ្នកចាំទី កែវ សុខសិលា សង្គ្រោះពីការស៊ុត ប៉េណាល់ទីកាត់ក្ដី បាន២ដងដែរ។ សុខសិលា សង្គ្រោះគ្រាប់បាល់របស់ ម៉ាត់ នូរុណ នៅវគ្គ ៨ ក្រុម និង សង្គ្រោះគ្រាប់បាល់របស់ អ៊ិន ឃឹនដារ៉ូ  ពេលឈ្នះ ព្រៃវែងយប់មិញ។

វិសាខា ឡើងជួបណាហ្គាវើលដ៏ នៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី ៧ វិច្ឆិកា ចាប់ពីម៉ោង ៦ ល្ងាចតទៅនៅពហុកីឡដ្ឋានជាតិ។ តើ ណាហ្គាវើលដ៍ឈ្នះពានសម្ដេចលើក ទី២ ឬ វិសាខា គ្រងពានលើកដំបូង? ការលក់សំបុត្រនឹងត្រូវជម្រាបជូន ឆាប់ៗនេះ។

អត្ថបទ៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT