CAMSOC ពិភាក្សាលើគម្រោងសាងសង់ភូមិកីឡា ការថ្វាយភ្លើងអាទិទេពកីឡា និងពិធីរត់ភ្លើងគប់ ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ប្រចាំសប្តាហ៍លើរបៀបវារៈសំខាន់ៗចំនួនពីរ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារថា នៅសប្តាហ៍នេះផ្តោតសំខាន់លើបទបង្ហាញគម្រោងសាងសង់ភូមិកីឡា ឬបុរីកីឡារបស់ក្រុមហ៊ុន World Bridge Sport Village ដែលគម្រោងសាងសង់ភូមិកីឡានេះស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ កិច្ចប្រជុំក៏ជជែកគ្នាអំពីកម្មវិធីលម្អិត ស្តីពីការថ្វាយភ្លើងអាទិទេពកីឡា និងពិធីរត់ភ្លើងគប់ កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

សម្រាប់របៀបវារៈទី១នេះ ត្រូវបានឯកឧត្តមអគ្គលេខាធិការលើកឡើងថា ភូមិកីឡា គឺជាកន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ កីឡាការិនី ក្នុងពេលស៊ីហ្គេម ដែលអាចរក្សានូវសុវត្ថិភាព ការគ្រប់គ្រងជាដើម។ ភូមិកីឡានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់ឲ្យក្រុមហ៊ុន World Bridge Sport Village ដែលជាក្រុមហ៊ុនធ្លាប់មានស្នាដៃកសាងអគារខ្ពស់ៗ ក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុននេះដឹកនាំដោយលោកឧកញ៉ា សៀរ រិទ្ធី បានធ្វើបទបង្ហាញជូនគណៈអចិន្ត្រៃយ៍ ដែលដឹកនាំអង្គប្រជុំដោយឯកឧត្តមបណ្ឌិត ថោង ខុន ដើម្បីពិនិត្យមើលលើភាពបន្ស៊ីគ្នារវាងសំណង់ និងតម្រូវការរបស់យើងក្នុងពេលស៊ីហ្គេម ដែលភូមិកីឡាមានអគារស្នាក់នៅ វិឡាមួយចំនួនទៀត សម្រាប់មន្ត្រី អាជ្ញាកណ្តាល ចៅក្រម ដោយមានបន្ទប់ស្នាក់នៅជាង១៧០០បន្ទប់ ក្នុងនោះមានបន្ទប់ខ្លះមានគ្រែ១ ដល់៥ ដែលមានបំពាក់សម្ភារៈមួយចំនួននៅតាមបន្ទប់ផងដែរ ដើម្បីផ្តល់ផាសុកភាពជូនដល់កីឡាករ កីឡាការិនី ដែលស្នាក់នៅក្នុងពេលស៊ីហ្គេម ដែលមានរយៈពេលប្រមាណ១ខែ ដោយសារអត្តពលិកអន្តរជាតិ អាចមកមុនពេលស៊ីហ្គេម ជាង១០ថ្ងៃ និងក្រោយស៊ីហ្គេម ពី២ទៅ៣ថ្ងៃ។

នៅក្នុងគម្រោងសាងសង់ភូមិកីឡានេះ ឃើញថាមានសោភ័ណ្ឌភាព រចនាបទល្អ និងគោរពទៅតាមបទដ្ឋាននិយាមនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលសំណង់ភូមិកីឡានឹងត្រូវសាងសង់លើផ្ទៃដីទំហំប្រមាណ៨ហិកតា ស្ថិតនៅផ្នែកខាងក្រោយពហុកីឡដ្ឋានជាតិមរតកតេជោ។ នៅក្នុងភូមិកីឡានេះ នឹងរៀបចំឲ្យមានសារមន្ទីរស៊ីហ្គេម ដែលនឹងអាចផ្ទុកអនុស្សាវរីយ៍ទាំងឡាយនៅក្នុងសារមន្ទីរស៊ីហ្គេម សម្រាប់ការសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស និស្សិត ក៏ដូជាមហាជនទូទៅជំនាន់ក្រោយៗ អាចស្វែងរកការស្រាវជ្រាវនៅទីនោះបាន។ ភូមិកីឡានេះ នឹងត្រូវប្រគល់ជូន CAMSOC នាចុងឆ្នាំ២០២២ សម្រាប់ការរៀបចំប្រើប្រាស់ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែលតាមការគ្រោងទុក នឹងអាចមានអត្តពលិកប្រមាណ៧០០០នាក់ រួមទាំងប្រតិភូ មន្ត្រី គ្រូបង្វឹក ប្រមាណ៣០០០នាក់ទៀត សរុបប្រមាណ១ម៉ឺននាក់ នៅក្នុងភូមិកីឡាតែមួយនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ថែរក្សាសុវត្ថិភាព ក៏ដូចជាអាចហូបចុក ស្នាក់នៅជុំគ្នា ព្រមទាំងងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន ចាត់ទុកថា នេះគឺជាសេចក្តីសង្ឃឹម ហើយក៏ជាស្តង់ដារនៃការទទួលរៀបចំស៊ីហ្គេម ជាលើកដំបូងរបស់កម្ពុជា ជាគំរូមួយដែលព្រះរាជាណាចក្រកម្ពុជាមានភូមិកីឡាដ៏ល្អ ដែលអាចចាត់ទុកថាជាការត្រៀមខ្លួនដ៏ល្អរបស់កម្ពុជា ក្នុងការរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលអាចល្អប្រសើរជាងបណ្តាប្រទេសផ្សេងៗទៀតផង ដែលប្រតិភូកីឡាកម្ពុជាធ្លាប់បានចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម នាពេលកន្លងមក។ ឯកឧត្តមបន្ថែមទៀតថា ថ្វីដ្បិតតែកម្ពុជាទើបរៀបចំស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាលើកដំបូងក៏ពិតមែន ប៉ុន្តែនេះគឺជាមោទនភាពរបស់យើង ក្នុងការត្រៀមលក្ខណៈសម្បត្តិរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជានេះមានភាពលេចធ្លោ និងអាចទាក់ទាញបណ្តាប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ចំនួន១០ប្រទេសផ្សេងទៀត ដែលត្រៀមចូលរួមស៊ីហ្គេម នៅកម្ពុជាកាន់តែមានទំនុកចិត្តខ្ពស់ ក៏ដូចជាអាចបំពេញចិត្តជូនដល់ប្រតិភូទូទាំងពិភពលោកផងដែរ។

ចំពោះរបៀបវារៈទី២ ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ជូនដែរថា យើងបានគូសវាសនូវផែនការមួយចំនួន ពាក់ព័ន្ធនឹងពិធីសុំភ្លើងគប់អាទិទេពកីឡា និងពិធីរត់ភ្លើងគប់ ដែលជាពិធីអប់រំផ្សព្វផ្សាយសង្គម បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងបានផ្សព្វផ្សាយនៅទូទាំងពិភពលោក ដែលពិធីរត់ភ្លើងគប់នេះ ជានិមិត្តរូបនៃសន្តិភាព ថាមពលកីឡា សាមគ្គីភាព ក៏ដូចជានិមិត្តរូបសន្តិភាពនៃចលនាអូឡាំពិកនៅលើពិភពលោកផងដែរ។ ពិធីសុំភ្លើងគប់អាទិទេពកីឡា និងពិធីរត់ភ្លើងគប់នេះគឺយកលំនាំតាមចលនាកីឡាអូឡាំពិក ដែលយកភ្លើងចេញពីព្រះអាទិត្យ ហៅថាភ្លើងអាទិទេព ដែលមានប្រភពដើមនៅប្រទេសក្រិក។ គម្រោងលម្អិតនេះ ត្រូវបានរៀបចំនូវផែនការជាច្រើនទម្រង់ ដែលក្នុងនោះអាចធ្វើពិធីសុំភ្លើងអាទិទេពកីឡាពីព្រះអាទិត្យ នៅប្រាសាទអង្គរវត្ត ឬនៅព្រះបរមរាជវាំង និងការរត់ភ្លើងគប់នៅកម្ពុជា និងបន្តរត់នៅបណ្តាប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ រួចហើយរត់ចូលមកកម្ពុជាវិញ ដើម្បីរត់ចូលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រារព្ធពិធីបើកស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT