ឯកឧត្តម វ៉ាត់ ចំរើន៖ កីឡាការ៉ាតេកំពុងប្រឹងប្រែង ដើម្បីសក្តានុពលស៊ីហ្គេម ២០២៣

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជាមានប្រសាសន៍ថា សហព័ន្ធកីឡាការ៉តេកម្ពុជាកំពុងប្រឹប្រែង ដើម្បីធ្វើឲ្យប្រភេទកីឡាមួយនេះមានសក្តានុពល ឈានឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ នៅសាលសាកលវិទ្យាល័យសាកលភូមិន្ទភ្នំពេញ។
ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ថា ការទទួលធ្វើស៊ីហ្គេម ឆ្នាំ២០២៣ នៅសល់ពេល២ឆ្នាំកន្លះប៉ុណ្ណោះ នៃពេលវេលាដែលបានកំណត់ ដូច្នេះសហព័ន្ធកំពុងតែខិតខំធ្វើយ៉ាងណាឲ្យវិស័យកីឡាការ៉ាតេកម្ពុជាក្លាយជាប្រភេទកីឡាដ៏មានសក្តានុពល ដើម្បីត្រៀមខ្លួនប្រកួតប្រជែងមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះនាពេលនោះ។ ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យសហព័ន្ធកីឡាការ៉ាតេកម្ពុជារៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតជ្រើសរើសជើងឯកការ៉ាតេ អាស៊ីអាគ្នេយ៍ នាឆ្នំា២០២១ខាងមុខ ដែលយើងទាំងអស់គ្នាត្រូវតែត្រៀមខ្លួនព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យ។ នៅឆ្នាំ២០២២ យើងងនឹងត្រៀមការប្រកួតមុនស៊ីហ្គេម (Pre-SEA Games) ដោយចាប់ពីឆ្នាំ២០២១ទៅ សហព័ន្ធ ត្រៀមធ្វើម្ចាស់ផ្ទះការ៉ាតេអន្តរជាតិជាច្រើន ក្នុងអាស៊ីអាគ្នេយ៍ ដើម្បីបន្ថែមនូវបទពិសោធន៍ ក្នុងគោលដៅបាញ់ឆ្ពោះទៅ ប្រជែងមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ចំពោះការខិតខំរួមគ្នារបស់សហព័ន្ធ និងបណ្តាក្លិបនានាទូទាំងប្រទេស ដែលបានជ្រើសរើសកីឡាករ កីឡាការិនីរបស់ខ្លួនចូលរួមប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិ នេះ ដើម្បីវាស់ស្ទង់ឲ្យកាន់តែមានសមត្ថភាពល្អប្រសើរបន្ថែមទៀត។ ឯកឧត្តមបានលើកទឹកចិត្តឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យកីឡាការ៉ាតេឲ្យបន្តការខិតខំបន្ថែមទៀត ក៏ដូចជាសូមយកស្មារតីការ៉ាតេគោរពដល់ថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលឯកឧត្តមនឹងអញ្ជើញផ្តល់កិត្តិយសចូលរួមលើកទឹកចិត្ត និងបំពាក់មេដាយជូនជ័យលាភី ក្នុងឱកាសបិទការប្រកួតជើងឯកថ្នាក់ជាតិ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។
សូមបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០នេះមានប្រតិភូ កីឡាករ កីឡាការិនីចំនួន២៣៦នាក់មកពី២៣ក្លិប ដែលវិញ្ញាសាដាក់ឲ្យប្រកួតមានចំនួន៣៦ មានវិញ្ញាសាគោលធំៗ ដូចជាផ្នែកកាតាឯកត្តជន កាតាក្រម ប្រយុទ្ធឯកត្តជន ប្រយុទ្ធក្រុម។
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT