Messi ​សង្ឃឹម​ថា Ronaldo ​ឆាប់​ជា អាច​ចូល​លេង​ឱ្យ Juventus ​បាន​ពេល​ប៉ះ Barca ​

​ម្សិលមិញ​នេះ Cristiano Ronaldo ​បាន​ធ្វើ​តេស្ដ​ជា​លើក​ទី​២ រក​ឃើញ​ថា​រូបគេ​នៅ​តែ​មាន​មេរោគ​កូវីដ​១៩​ក្នុង​ខ្លួន​ដដែល ធ្វើ​ឱ្យ​ការ​ប្រកួត​ទល់ Barcelona ​ទំនង​ជា​មិន​អាច​លេង​បាន​ឡើយ។

​យ៉ាងណាមិញ ​ក្រុម Juventus ​ក៏​បាន​សរសេរ​លិខិត​ទៅ​កាន់ UEFA ​ដើម្បី​បញ្ជាក់​ថា Ronaldo ​មាន​សុខភាព​ល្អ​ជា​ធម្មតា ​បើ​ទោះ​ជា​តេស្ដ​រក​ឃើញ​ថា​វិជ្ជមាន​ក៏​ដោយ។ ពួកគេ​ស្នើ​ឱ្យ​មាន​ការ​ធ្វើ​តេស្ដ​ជា​លើក​ទី​៣​ម្ដង​ទៀត​នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ថា​តើ Ronaldo ​អាច​លេង​បាន​ដែរ​ឬ​ក៏​អត់​។ ខណៈ​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ឃើញ Ronaldo ​បង្ហាញ​វត្តមាន​លេង​ទល់ Messi ​ជា​ថ្មី​ម្ដង​ទៀត។

​ដោយ​សូម្បី​តែ Messi ​ផ្ទាល់​ក៏​ចង់​ឃើញ​អតីត​កីឡាករ Real Madrid ​រូប​នេះ​អាច​ចូល​លេង​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​ផង​ដែរ។ ​ប្រធាន​ក្រុម Barcelona ​រូប​នេះ  បាន​និយាយ​ថា​៖ “គ្រប់​ការ​ប្រកួត​ដែល​មាន Cristiano ​គឺ​តែងតែ​ពិសេស​ជា​និច្ច។ យើង​បាន​ជួប​គ្នា​ជា​ច្រើន​លើក​មក​ហើយ​នៅ​អេស្ប៉ាញ ​ហើយ​សុទ្ធ​តែ​ជា​ប្រកួត​ពិសេស​ៗ។ ​ខ្ញុំ​ចង់​ជួប​ម្ដង​ទៀត​នៅ​សប្ដាហ៍​ក្រោយ ​ខ្ញុំ​ជូនពរ​គាត់​ឱ្យ​បាន​ឆាប់​ជា​សះស្បើយ ​និង​មាន​វត្តមាន​ក្នុង​ការ​ប្រកួត”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT