តើ Ronaldo នៅ​មាន​សង្ឃឹម​ជួប Messi ចុង​ខែ​នេះ​ទេ ក្រោយ​តេស្ត​ឃើញ​ផ្ទុក COVID-19 លើក​ទី ២?

កាល​ពី​ថ្ងៃ​ទី ២២ ​តុលា ឆ្នាំ ២០២០ កន្លង​ទៅ​នេះ ការ​តេស្ត​លើក​ទី ២ របស់ Cristiano Ronaldo នៅ​តែ​ចេញ​លទ្ធផល​វិជ្ជមាន មាន​ផ្ទុក​ជំងឺ COVID-19។ ជុំវិញ​រឿងរ៉ាវ​នេះ ក៏​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ​ស្រប​ពេល​ដែល​ការ​ប្រកួត​រវាង Juventus និង Barcelona នៅ UCL វគ្គ​ចែក​ពូល​ត្រូវ​ឈាន​ចូល​មក​ដល់​នា​សប្ដាហ៍​បន្ទាប់។

ជា​ទូទៅ​តាម​ច្បាប់​កំណត់​របស់​ UEFA គឺ​បណ្តា​ក្លឹប​ដែល​ចូលរួម​ទាំង​អស់ ត្រូវ​បញ្ជូន​បញ្ជី​ឈ្មោះ​កីឡាករ​មក​កាន់​សមាគម​មុន​រយៈ​ពេល ១ សប្តាហ៍​នៃ​ការ​ប្រកួត បែប​នេះ​មាន​ន័យ​ថា ក្លឹប Juventus ត្រូវ​ផ្ញើ​ទៅ​ នៅ​ថ្ងៃ​ម្សិលមិញ។

យ៉ាងណាមិញ​ឈ្មោះ​របស់ CR7 នៅ​តែ​អាច​បញ្ជូន​ទៅ​ក្នុង​បញ្ជី​កីឡាករ​ត្រូវ​ចូលរួម​ការ​ប្រកួត​ដដែល នោះ​ក៏​ដោយសារ​តែ​ស្ថានភាព​ជំងឺ​ COVID-19 របស់​លោក ​ពុំ​ឃើញ​មាន​បង្ហាញ​រោគ​សញ្ញា ហើយ​សភាព​រាងកាយ​ក៏​មិន​ចុះ​ទ្រុឌទ្រោម​អ្វី​ថែម​ទៀត។

ករណីពិសេសនេះ ដោយសារ Juventus បានផ្ញើឯកសារតាមដានសុខភាពរបស់ Ronaldo ឲ្យទៅ UEFA ធ្វើការត្រួតពិនិត្យ ហើយពួកគេបានបានភ្លើងខៀវ ប៉ុន្តែ​លុះត្រា​ណា​តែ​មុន​រយៈ​ពេល ២៤ ​ម៉ោង​នៃ​ការ​ប្រកួត​មក​ដល់ ពោល​គឺ​នៅ​ថ្ងៃ​ទី ២៨ ​តុលា ​កីឡាករ​ព័រទុយហ្គាល់​តេស្ត​ឃើញ​លទ្ធផល អវិជ្ជមាន ជាសះស្បើយ​ពី​​ជំងឺ COVID-19 ទើប​លោក​អាច​មាន​សិទ្ធ​ចូលរួម​ការ​ប្រកួត​នោះ​បាន។ នេះបើតាមរបាយការណ៍ពី Sky Sports Italia បានចុះផ្សាយ។

សរុប​មក​មាន​ន័យ​ថា ឱកាស​នៃ​ការ​ជួប​គ្នា​រវាង M10 និង CR7 ដែល​ខកខាន​រយៈ​ពេល​ជាង​ ២ ឆ្នាំ​មក​ហើយ​នោះ នៅ​តែ​មាន​ភាគរយ​អាច​កើត​ឡើង​សម្រាប់​ចុង​ខែ​តុលា​ខាង​មុខ​នេះ​ដដែល៕

ប្រភព៖ SkySports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT