ណាហ្គាវើល និងវិសាខា កាន់តែរំកិលខ្លួនចូលជិត បឹងកេត

គ្រាដែលរូបមន្តចាស់ត្រូវបានលើកយកមកអនុវត្តក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៨នេះ ដែលនឹងត្រូវកំណត់ថាក្រុមស្ថិតនៅកំពូលតារាងតែមួយគត់ នឹងក្លាយជាជើងឯកក្រោយចប់សប្តាហ៍ទី ២២ បច្ចុប្បន្នការប្រជែងគ្នាលើតារាងពិន្ទុកាន់តែក្តៅគគុកសម្រាប់ក្រុមមួយចំនួន។

បឹងកេត ជាមួយនឹងបរាជ័យក្នុងសប្តាហ៍ទី ១៦ ដោយក្រសួងការពារជាតិ ០-២ កន្លងមក នាំឲ្យពួកគេរក្សាកៅអីកំពូលតារាង ប៉ុន្តែកាត់គម្លាតពិន្ទុ ខណៈដែល ណាហ្គាវើល និង វិសាខា ដែលកំពុងប្រដេញពីក្រោយនោះ សុទ្ធតែឈ្នះដូចគ្នាក្នុងសប្តាហ៍ដដែលនេះ។

ត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ សម្រាប់ណាហ្គាវើល និង វិសាខា ( ៣៨ពិន្ទុ) ទៅកាន់បឹងកេត ( ៣៩ពិន្ទុ ) គ្រាដែលការប្រកួតនៅសល់ ៦សប្តាហ៍ទៀតទើបបញ្ចប់ ។

យ៉ាងណាមិញ បឹងកេត ត្រូវជួបវិសាខា ក្នុងជើងទីពីរ នៅចុងសប្តាហ៍ខាងមុខនេះហើយ ពោលគឺប្រកួតសប្តាហ៍ទី ១៧ រីចំណែកឯ ណាហ្គាវើល នឹងត្រូវជួបគូប្រកួតខ្សោយបំផុត វេស្ទើនភ្នំពេញ ដែលពួកគេធ្លាប់បានយកឈ្នះដល់ទៅ ១០-១ កាលពីជើងទី១កន្លងទៅ ។

ចាំមើលថាបំរែបំរួលសម្រាប់ក្រុមកំពូលៗនឹងទៅជាយ៉ាងណា មុនរដូវកាល ២០១៨ នឹងបញ្ចប់នៅចុងខែកញ្ញាខាងមុខនេះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT