ទង្វើ​ល្អៗ ៥ លើក ដែល Mesut Ozil ទទួល​បាន​ការ​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់

Mesut Ozil ជា​កីឡាករ​កាន់​ឆ្នាំ​មួយ​រូប​របស់​ក្លឹប​កាំភ្លើង​ធំ Arsenal ​ហើយ​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ភាព​រកាំរកូស​រវាង​គេ​និង​ក្លឹប​ហាក់​នៅ​តែ​បន្ត​មាន​ឥត​ឈប់។

អ្នក​គាំទ្រ​ជា​ច្រើន​បាន​ទទូច​អង្វរ​ក្លឹប ឲ្យ​មេត្តា​ផ្តល់​ឱកាស​សម្រាប់ Ozil បន្ត​ទៀត រហូត​ដល់​អ្នក​គាំទ្រ​ខ្លះ​ប្រកាស​ដាច់​អហង្ការ​ថា​នឹង​បើក​យុទ្ធនាការ Unfollow ​ក្លឹប Arsenal លើ​បណ្តាញ​សង្គម​ទៀត​ផង ប្រសិន​ណា​មិន​រក​ដំណោះស្រាយ​ល្អ​មួយ​សម្រាប់​កីឡាករ​អាល្លឺម៉ង់។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ CTS Sports ក៏​បង្វែរ​អារម្មណ៍​អ្នក​គាំទ្រ ​មក​រំឭក​នូវ​ទង្វើ​គួរ​ឲ្យ​គោរព​ ៥ លើក​ដែល​ខ្សែ​បម្រើ​ប្រយុទ្ធ Ozil ធ្លាប់​បាន​ធ្វើ៖

៥) ចំណាយ​ដល់​ការ​វះកាត់​សម្រាប់​ក្មេង ១ ០០០ នាក់


កាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៩ Ozil និង​ភរិយា​អ្នក​ស្រី Amine បាន​ប្រកាស​ជុំវិញ​ការ​ជួយ​ចេញ​ថ្លៃ​ចំណាយ​ដល់​ក្មេង ១ ០០០ នាក់​ដែល​មាន​ការ​ខ្វះខាត​ហើយ​ត្រូវ​ការ​ការ​វះកាត់​ណា​មួយ​ជា​ចាំ​បាច់។ គម្រោង​នោះ Ozil សហការ​ជាមួយ​ក្រុមហ៊ុន BigShoe ដោយ​ចង់​ផ្តល់​ជីវិត​ថ្មី​ឲ្យ​ក្មេង​ដែល​ខ្វះខាត​ទាំង​អស់​ក្នុង​លោក។

៤) ផ្ញើ​អាវ​ជាប់​ហត្ថលេខា​ទៅ​ឲ្យ​ក្មេង​នៅ​ប្រទេស​កេនយ៉ា

នៅ​ខែ​ធ្នូ ឆ្នាំ ២០១៨ មាន​រូបភាព​មួយ​សន្លឹក​ដែល​គេ​ចែកចាយ​លើ​បណ្តាញ​សង្គម ដោយ​បង្ហាញ​ពី​ក្មេង​ឃ្វាល​គោ​ខ្វះខាត​មួយ​រូប ដែល​ពាក់​អាវ​កីឡា​ពណ៌​ក្រហម ហើយ​សរសេរ​ពាក្យ Ozil 10 ដោយ​ដៃ​របស់​ខ្លួន​ឯង។

ក្រោយ​មើល​ឃើញ​ពី​ទំហំ​ចិត្ត​គាំទ្រ Ozil ក៏​បាន​ផ្ញើ​អាវ​ Arsenalអម​ហត្ថលេខា​របស់​ខ្លួន​ផ្ទាល់ ជាមួយ​នឹង​សម្ភារៈ​កីឡា​មួយ​ចំនួន​ឲ្យ​ទៅ​ក្មេង​ខ្វះខាត​ចំនួន ២ រូប​នៅ​ប្រទេស​កេនយ៉ា​នោះ​នា​ប៉ុន្មាន​ខែ​បន្ទាប់។

៣) បរិច្ចាគ​លុយ​ដែល​ឈ្នះ​នៅ World Cup ជួយ​ក្មេង​ដែល​មាន​ជំងឺ

គ្រា​ដែល​អាល្លឺម៉ង់​ឈ្នះ​ពាន World Cup ឆ្នាំ ២០១៤ ​រាល់​កីឡាករ​ទាំង​អស់​ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត​ជាង ៣១ មុឺន​ដុល្លារ ហើយ​ពេល​នោះ Ozil មិន​យក​ដាក់​ហោប៉ៅ​ខ្លួន​ទេ ផ្ទុយ​ទៅ​វិញ​បាន​បង្វែរ​ទៅ​ជួយ​ដល់​ក្មេង​ដែល​កើត​ជំងឺ​និង​ទាមទារ​ការ​វះកាត់​ចំនួន ២៣ រូប​ក្នុង​ប្រទេស​ប្រេស៊ីល។

២) បំពេញ​ក្តី​ស្រមៃ​អ្នក​គាំទ្រ

នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០២០ Ozil បាន​អញ្ជើញ​អ្នក​គាំទ្រ​អាយុ ១៧ ឆ្នាំ​ម្នាក់​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ឲ្យ​មាន​ឱកាស​បាន​ទស្សនា​ការ​ប្រកួត​ខាង​ក្នុង​ប្រអប់​កៅអី VIP នៅ​ជំនួប Arsenal ​ទល់ Everton។ ក្រោយ​ចប់​ការ​ប្រកួត Ozil ក៏​បាន​មក​ជួប​គេ​ផ្ទាល់ និង​ឲ្យ​អាវ​មួយ​ទៅ​គេ​ផង​ដែរ។

ជាង​នេះ​ទៀត​កាល​ប្រកួត​មិត្តភាព ICC ឆ្នាំ ២០១៨ ក្នុង​ទីក្រុង​រដ្ឋធានី Dublin ប្រទេស​អៀរឡង់ Ozil ក៏​បាន​បំពេញ​ក្តី​ស្រមៃ​អ្នក​គាំទ្រ​វ័យ​ក្មេង​មួយ​រូប ដែល​បាន​លើក​បាដា​ថា​ចង់​បាន​អាវ​របស់ Ozil។ គ្រា​នោះ​ខ្សែ​បម្រើ​របស់ Arsenal បាន​ដោះ​អាវ​រត់​យក​ទៅ​ឲ្យ​អ្នក​គាំទ្រ​វ័យ​ក្មេង​ពោរពេញ​ដោយ​ស្នាម​ញញឹម។

១) Surprise ​ក្មេង​តូច​ម្នាក់​ដល់​សាលារៀន

Kyan ជា​អ្នក​គាំទ្រ​ដ៏​តូច​ច្រឡឹង​របស់ Arsenal និង​ជា​ពិសេស​គឺ​ស្រលាញ់ Ozil ពេញ​បេះដូង ហើយ​នៅ​ពេល​មួយ​នោះ​កំឡុង​ពេល​នៅ​សាលា​រៀន Ozil ក៏​ស្រាប់​តែ​រំលេច​វត្តមាន​ឈរ​ពី​ក្រោយ​គេ ដែល​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់ Kyan ដល់​ថ្នាក់​គាំង​និយាយ​លែង​ចង់​ចេញ​ពេល​បាន​ជួប iDol នៅ​នឹង​មុខ​ពិតៗ៕

ប្រភព៖ GiveMeSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT