ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford នឹងរ៉ាប់រងអាវលេខ១០នៅក្លឹបបិសាចក្រហម Manchester United ក្រោយពីការចាកចេញរបស់ Zlatan Ibrahimovic ។
យុវជនឆ្នើមខាងលើនេះ ត្រូវបានគេឃើញពាក់អាវលេខ១០ ក្នុងការប្រកួតមិត្តភាពចុងក្រោយរបស់ Man Utd ទល់ក្រុម Bayern Munich នៅកីឡដ្ឋាន Allianz Arena ។ ដូច្នេះមានន័យថានៅរដូវកាលក្រោយនេះ Rashford នឹងនៅ Old Trafford បន្ដទៀត ហើយក៏ពាក់អាវលេខ១០ដែលជាតំណែងខ្សែប្រយុទ្ធសំខាន់ក្នុងក្រុមផងដែរ។ អាវលេខ១០នេះ មុនពេលធ្លាក់ដល់ Zlatan គឺជាតំណែងរបស់ខ្សែប្រយុទ្ធ Wayne Rooney ដែលបានពាក់អស់ពេល១០ឆ្នាំនៅបិសាចក្រហមនិងជាអ្នករកគ្រាប់បាល់បានច្រើនជាងគេផងដែរ។
ក្រោយបានអាវលេខ១០នេះដែរ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានសរសេរនៅលើបណ្ដាញសង្គមថា៖ “ពាក់អាវលេខនេះ ពិតជាកក់ក្ដៅខ្លាំងណាស់ ព្រោះជាលេខអាវរបស់វីរបុរសក្លឹប។ មោទនភាពសម្រាប់អាវលេខ១០ #MR10”។ បិសាចក្រហមបានកោះហៅ Rashford មករួមក្រុមវិញលឿនមែនទែន ក្រោយពីសម្រាកពី World Cup ។ ស្របពេលបច្ចុប្បន្ននេះ ក្រុមរបស់លោក Jose Mourinho កំពុងមានបញ្ហាច្រើនត្រូវដោះស្រាយ ជាពិសេសការទិញកីឡាករថ្មីចូល មិនទាន់បានសម្រេចនៅឡើយទេ៕ប្រភព៖ DailyMail