Ozil៖ “ខ្ញុំ​ស្មោះត្រង់​នឹង​ក្លឹប​រយៈ​ពេល ៧ ឆ្នាំ​ហើយ តែ​ចុង​ក្រោយ​ពួក​គេ​លែង​ជ្រើស​យក​ខ្ញុំ”

អនាគត​របស់ Mesut Ozil ជាមួយ​នឹង​ក្លឹប Arsenal ​ហាក់​កាន់​តែ​កៀក​ដល់​ផ្លូវ​បំបែក​ហើយ បន្ទាប់​ពី​ក្លឹប​ប្រកាស​មិន​ជ្រើសរើស​ឈ្មោះ Ozil ​នៅ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៥ រូប​ដែល​ត្រូវ​ចូលរួម​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Premier League។

បុរស​វ័យ ៣២ ឆ្នាំ បាន​ខកខាន​ការ​បង្ហាញ​ខ្លួន​នៅ PL តាំង​ពី​ខែ​មិនា ឆ្នាំ ២០២០ ហើយ​ប៉ុន្មាន​សប្តាហ៍​មុន​នេះ ក៏​ទើប​តែ​ត្រូវ​បាន​ក្លឹប​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​កីឡាករ​នៅ Europa League ផង​ដែរ ​និង​ចុងក្រោយ​ត្រូវ​បាត់បង់​ឈ្មោះ​សម្រាប់​ការ​លេង​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ថែម​ទៀត។

ជាមួយ​រឿងរ៉ាវ​ដែល​ពិបាក​នឹង​ដោះស្រាយ​មួយ​នេះ ​ទី​បំផុត​ក៏​ត្រូវ​បាន Mesut Ozil ចេញ​មក​បង្ហាញ​អារម្មណ៍​ពិត​លើ​បណ្តាញ​សង្គម នៅ​យប់​ថ្ងៃ​ទី ២១ ​តុលា ឆ្នាំ ២០២០ ដោយ​សរសេរ​រៀបរាប់​យ៉ាង​កម្សត់​ថា៖ “នេះ​ជា​សារ​ដ៏​ពិបាក​មួយ​ក្នុង​ការ​ផ្ញើ​ទៅ​កាន់​អ្នក​គាំទ្រ Arsenal ​ដោយ​ខ្ញុំ​ពិត​ជា​អន់ចិត្ត​ខ្លាំង​ណាស់ ក្រោយ​ពេល​ដែល​ក្លឹប​មិន​ជ្រើសរើស​ឈ្មោះ​របស់​ខ្ញុំ​សម្រាប់​ការ​លេង​នៅ Premier League”។

លោក​បន្ត​ទៀត​ថា៖ “ចាប់តាំង​ពី​ការ​ចុះ​ហត្ថលេខា​ថ្មី​នៅ​ឆ្នាំ ២០១៨ ខ្ញុំ​បាន​តាំង​ចិត្ត​ប្រើប្រាស់​ភាព​ស្មោះត្រង់​និង​ភក្តី​ភាព​ប្រគល់​ជូន​ក្លឹប​អស់​ហើយ តែ​ពេល​នេះ​អ្វី​ដែល​ទទួល​បាន​មក​វិញ គឺ​វា​មិន​ស្មើ​ភាព​គ្នា​ទាល់​តែ​សោះ។ ខ្ញុំ​បាន​ព្យាយាម​រក្សា​ភាព​វិជ្ជមាន​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ ដោយ​គិត​ថា​ប្រហែល​អាច​មាន​ឱកាស​ត្រលប់​មក​ចូលរួម​ការ​ប្រកួត​វិញ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​រក្សា​ភាព​ស្ងៀមស្ងាត់​រយៈ​ពេល​ច្រើន​ខែ​មក​នេះ”។

“ដោយ​មុន​ផ្ទុះ​ការ​រាតត្បាត​ជំងឺ​កូរ៉ូណា ខ្ញុំ​ពិត​ជា​រីករាយ​នឹង​ការ​អភិវឌ្ឍ​ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​លោក Mikel Arteta ​ហើយ​អាច​និយាយ​បាន​ថា ការ​លេង​របស់​ខ្ញុំ​គឺ​ពិត​ជា​ស្ថិត​នៅ​កម្រិត​ដ៏​ល្អ​មួយ តែ​គ្រប់​យ៉ាង​បាន​ផ្លាស់ប្តូរ​នៅ​ពេល​នេះ ខ្ញុំ​លែង​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​លេង​បាល់ទាត់​សម្រាប់​ក្លឹប Arsenal ត​ទៅ​ទៀត​ហើយ តើ​ខ្ញុំ​ត្រូវ​និយាយ​ដោយ​បែប​ណា​ទៅ? ទីក្រុង​ឡុង នៅ​តែ​ដូច​ជា​ផ្ទះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​មិត្តភក្តិ​ល្អ​ជា​ច្រើន​ក្នុង​ក្រុម និង​នៅ​តែ​បន្ត​មាន​ទំនាក់ទំនង​រឹងមាំ​ជាមួយ​អ្នក​គាំទ្រ​របស់​ក្លឹប”។

“បែប​នេះ​មិន​ថា​មាន​រឿង​អ្វី​នោះ​ទេ ខ្ញុំ​នឹង​នៅ​តែ​បន្ត​ប្រឹងប្រែង​ចាប់​យក​ឱកាស​របស់​ខ្ញុំ​មក​វិញ​ឲ្យ​បាន ហើយ​​មិន​បណ្តោយឲ្យ​រដូវ​កាល​ទី ៨ របស់​ខ្ញុំ​ជាមួយ Arsenal ត្រូវ​បញ្ចប់​ទៅ​ដោយ​បែប​នេះ​ឡើយ ខ្ញុំ​អាច​សន្យា​ជាមួយ​អ្នក​រាល់​គ្នា​បាន ថាខ្ញុំ​នឹង​បន្ត​ខិតខំ​ហ្វឹកហាត់​ឲ្យ​បាន​ល្អ ហើយ​ប្រើ​សំឡេង​ដ៏​រឹងមាំ​របស់​ខ្ញុំ​តបត​ប្រឆាំង​នឹង​ភាព​អមនុស្សធម៌ ក៏​ដូច​ជា​ធ្វើ​ដើម្បី​ទាមទារយុត្តិធម៌”។

គួរ​បញ្ជាក់​ថា ​កីឡាករ​ស៊ី​ថ្លៃ​ពលកម្ម ៣៥០ ០០០ ផោន/សប្តាហ៍​ នឹង​ត្រូវ​ផុត​កុងត្រា​ជាមួយ Arsenal នៅ​បញ្ចប់​រដូវ​កាល ២០២០/២១។ ឆ្លង​កាត់​រយៈ​ពេល​ជាង ៧ ឆ្នាំ​មក​នេះ កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់ បង្ហាញ​ខ្លួន ២៥៤ ប្រកួត រក​បាន ៤៤ គ្រាប់​និង Assist ៧៧ លើក៕

ប្រភព៖ Facebook​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT