គ្រូការ៉ាតេក្រសួងការពារជាតិថានឹងអាចប្រជែងបានលេខ២ ឬលេខ៣ក្នុងការប្រកួតកីឡាការ៉ាតេជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០នេះ

លោក ឡាច ច័ន្ទរិទ្ធី គ្រូបង្វឹកក្លិបកីឡាការ៉ាតេក្រសួងការពារជាតិលើកឡើងថា ដោយកង្វះខាតធនធានកីឡាករ កីឡាការិនី និងការហ្វឹកហាត់មិនបានដិតដល់ល្អ ទើបលោកបានដាក់ក្តីសង្ឃឹមថានឹងអាចប្រជែងបានត្រឹមលេខ២ ឬលេខ៣ប៉ុណ្ណោះ នៅក្នុងការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នាថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

គ្រូបង្វឹករូបនេះអះអាងថា កីឡាករ កីឡាការិនីរបស់ខ្លួន ដែលហ្វឹកហាត់ត្រៀមនេះមានកម្រិតបច្ចេកទេសល្អគួរសម ប៉ុន្តែលោកមិនមានកីឡាករជម្រើសជាតិទេ ដែលខ្វះការឧបត្ថម្ភគាំទ្រ និងកង្វះសម្ភារហ្វឹកហាត់ ហើយការហ្វឹកហាត់ក៏មិនបានល្អដូចជម្រើសជាតិ ឬដូចក្លិបមួយចំនួនទៀត ដែលកីឡាករភាគច្រើនស្ថិតក្នុងក្រុមជម្រើសជាតិ។ ដូច្នេះការចូលរួមប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មិនអាចការពារតំណែងចំណាត់ថ្នាក់លេខ១ ដូចឆ្នាំ២០១៩នោះទេ។ ចំណែកឯកីឡាករ កីឡាការិនី មានចំនួន១៦នាក់ ដែលមិនគ្រប់វិញ្ញាសា ដែលសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានរៀបចំវិញ្ញាសារហូតដល់ ៣៦នោះឡើយ។ តាមពិតយើងត្រូវមានកីឡាករ កីឡាការិនីប្រមាណ៣០នាក់ ទើបគ្រប់ការចូលរួមប្រកួតប្រជែងមេដាយលើគ្រប់វិញ្ញាសាទាំងអស់ ។ លោកបន្តថា ឆ្នាំនេះសហព័ន្ធបានឱ្យដឹងថា ក្លិបចូលរួមចំនួន២៣ក្លិប ដែលមានកីឡាករ កីឡាការិនីជាង២០០នាក់។

លោក ឡាច ច័ន្ទរិទ្ធី បានបន្ថែមថា ក្លិបខ្លាំងៗចំនួន៣ ដែលលោកមើលឃើញនោះ គឺសមា គមកីឡាការ៉ាតេក្រសួងមហាផ្ទៃ ក្លិបការ៉ាតេក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្លិបម៉ូរ៉ាមដូសូកៃ ដែលក្នុងពេលប្រកួតគឺកូនសិស្សរបស់លោក ពិបាកក្នុងការប្រជែងមេដាយ។ លោកជឿជាក់ថា សម្រាប់កីឡាប្រយុទ្ធនេះ គឺបញ្ហាផ្លូវចិត្តក៏ជារឿងសំខាន់ដែរ ដោយផ្លូវចិត្តរឹងមាំ អង់អាចក្លាហាន គឺយើងអាចឈ្នះ បើទោះបីជាកូនសិស្សរបស់លោកជួបការលំបាកលើការហ្វឹកហាត់បច្ចេកទេសយ៉ាងណាក្តី។

សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិ កាលពីឆ្នាំ២០១៩ ជាលទ្ធផល គឺក្លិបកីឡាការ៉ាតេមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកងយោធពលខេមរភូមិន្ទ បានឈ្នះមេដាយច្រើនជាងគេ គឺចំនួន១៨ ក្នុងនោះមេដាយក្រសួងការពារជាតិ ដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយឈ្នះមេដាយសរុប១៨គ្រឿង ក្នុងនោះមេដាយមាស១១ មេដាយប្រាក់១ និងមេដាយសំរឹទ្ធិ៦។ ចំណាត់ថ្នាក់លេខ២ សមាគមកីឡាក្រសួងមហាផ្ទៃ បានមេដាយមាស៦ ប្រាក់៣ សំរឹទ្ធិ៣ សរុបចំនួន ១២គ្រឿង ហើយលំដាប់លេខរៀងទី៣ គឺក្លឹបការ៉ាតេដូ អូគឹយឺគឹ ខេត្តសៀមរាប បានមេដាយចំនួន១០ គឺមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធិ៣៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT